ករណីសាកសព​បុរសម្នាក់ សង្ស័យ​ត្រូវ​គេ​សម្លាប់រួច​ដុតចោល​នៅ​ខណ្ឌកំបូល សមត្ថកិច្ច​អះអាង​ថា ជន​រងគ្រោះ​ធ្វើ​អត្តឃាត​ដុត​សម្លាប់​ខ្លួនឯង

(ភ្នំពេញ)៖ តាមការអះអាង និងពិនិត្យស្រាវជ្រាវយ៉ាងល្អិតល្អន់ ពីក្រុមមន្ត្រីនគរបាលជំនាញកោសល្យវិច័យ នៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ករណីដែលគេប្រទះឃើញ សពបុរសម្នាក់សង្ស័យ ជាករណីឃាតកម្មយកក្រម៉ារឹតកសម្លាប់ រួចដុតបំផ្លាញសាកសពយ៉ាងព្រៃផ្សៃនោះ គឺជាករណីធ្វើអត្តឃាតដោយដុតសម្លាប់ខ្លួនឯង ព្រោះជនរងគ្រោះមានជំងឺសរសៃប្រសាទ លើកមុនចាក់សាំងដុតខ្លួនម្ដងរួចហើយ តែក្រុមគ្រួសារជួយទាន់ពេលវេលា។

បើតាមមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះ ពៅ សុខខឿន អាយុ៤១ឆ្នាំ មានទីលំនៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា ហេតុការដ៏ភ្ញាក់ផ្អើលខាងលើនេះ ដែលសពបុរសម្នាក់ ត្រូវបានកម្មករសំណង់ដើរទាក់លលក ត្រូវគេប្រទះឃើញ សង្ស័យជាករណីឃាតកម្មយកក្រម៉ារឹតកសម្លាប់ រួចដុតបំផ្លាញសាកសពយ៉ាងព្រៃផ្សៃ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចព្រៃស្មៅដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីម្សិលមិញ ម៉ោងប្រហែល១១៖០០នាទីថ្ងៃត្រង់ គេឃើញជនរងគ្រោះខាងលើនោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយមិនឃើញបុរសនោះត្រឡប់មកវិញឡើយ។ លុះព្រឹកមិញនេះ ក៏មានកម្មករសំណង់ម្នាក់ បានដើរទាក់លលក ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ៕

You might also like More from author