មន្ត្រី​ចត្តា​ឡីស័ក​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​បាវិត បង្កើន​ការ​ត្រួត​ពិនិត្យ​ភ្ញៀវ​ទេសចរ ដើម្បី​រកវីរុស កូរ៉ូណា និង​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ទេសចរ

(ស្វាយរៀង)៖ ក្រោយពីមានផ្ទុះជម្ងឺផ្លូវដង្ហើមថ្មី កូរ៉ូណា លើជនជាតិចិនម្នាក់មកពីទីក្រុងវូហាន ប្រទេសចិន ចូលមកកម្ពុជា ក្រសួងសុខាភិបាល បានបញ្ជូនមន្ត្រីចត្តាឡីស័កមកបំពេញការងារឡើងវិញ នៅច្រកទ្វាព្រំដែនអន្តរជាតិ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីស្គេនរកវីរុស កូរ៉ូណា ប្រចាំការ ២៤ម៉ោង ដើម្បីស្គេនភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ចូលមកប្រទេសកម្ពុជា។

បើតាមលោក ង៉ូវ សុខា អនុប្រធានចត្តាឡីស័កប្រចាំច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានឱ្យដឹងថា នៅច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានបំពាក់ម៉ាស៊ីនស្គេន ដើម្បីត្រួតពិនិត្យរោគសញ្ញា នៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះ កូរ៉ូណា គ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជា ពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជម្ងឺផ្លូវដង្ហើមថ្មី កូរ៉ូណា នៅឡើយទេ។

លោកថា បើតាមការសង្កេត ភ្ញៀវចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតនេះ មានគ្រប់ជាតិសាសន៍ គឺពួកគេមានការយល់ដឹងច្រើន មានពាក់ម៉ាស់ការពារសុវត្ថិភាពប្រមាណ ៧០% ហើយភ្ញៀវដែលពុំមានពាក់ម៉ាស់មន្រ្តីចត្តាឡីស័ក ប្រចាំការនៅបញ្ជរច្រកទ្វាព្រំដែនអន្តរជាតិបាវិត បានចែកម៉ាស់ឱ្យភ្ញៀវពាក់ដោយឥតគិតថ្លៃ ផងដែរ។

លោក ង៉ូវ សុខា បានបញ្ជាក់ថា មន្ត្រីចត្តាឡីស័ក ត្រូវបានក្រសួងសុខាភិបាល ឱ្យដកកម្លាំងចេញពីច្រកទ្វារព្រំដែនអន្តរជាតិបាវិតនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ទើបតែក្រសួងឱ្យដាក់វិញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ហើយការត្រួតពិនិត្យវីរុស កូរ៉ូណា នេះ ដោយបំពាក់ម៉ាស៊ីនស្គេនគ្រប់ភ្ញៀវទាំងអស់ ប្រសិនបើមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនាំភ្ញៀវនោះ ចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យ និងវាស់កំដៅសាជាថ្មី បើរកឃើញថាវិជ្ជមាន កូរ៉ូណា នៅលើភ្ញៀវមន្ត្រីចត្តាឡីស័ក ត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាព ហើយបញ្ជូនជនរងគ្រោះ ទៅកាន់អគារសុវត្ថិភាព ឱ្យដេកនៅលើគ្រែពេទ្យដែលមានបំពាក់បំពង់ខ្យល់អុកស៊ីស៊ែន និងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាន និងសង្គ្រោះ។ បើត្រូវបញ្ជូនជនរងគ្រោះ យើងក៏មានរថយន្តសាមុយ ១គ្រឿង យកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ មកប្រចាំការ២៤ម៉ោង ដោយមានបំពាក់បរិក្ខាពេទ្យ និងគ្រូពេទ្យត្រៀមប្រចាំការ។

លោក លឹម សៀងហេង បានបន្តថា ស្ថានភាពជនជាតិចិននៅក្រុងបាវិត បច្ចុប្បន្ននេះ ពុំទាន់ឃើញវត្តមានមកថ្មីនោះទេ តាំងពីជនជាតិចិនទាំងនោះ ចាកចេញពីក្រុងបាវិត ទៅប្រទេសចិនវិញកន្លងមក គឺមានតែជនជាតិចិន ធ្វើការតាមរោងចក្រ និងតាមកាស៊ីណូ ក៏ប៉ុន្តែ មិនបានទទួលតួលេខពិតប្រាកដប៉ុន្មាននោះទេ សូមឱ្យសួរទៅអ្នកគ្រប់គ្រងរដ្ឋបាលកាស៊ីណូ និងរោងចក្រ។ ម្យ៉ាងដោយប៉ុន្មានថ្ងៃនេះ ជារដូវបុណ្យចូលឆ្នាំចិន ជនជាតិចិនភាគច្រើន បានវិលត្រឡប់ទៅប្រទេសចិនវិញ ដើម្បីជួបជុំគ្រួសារហើយប្រពៃណីជនជាតិចិន-វៀតណាម ក្រោយពីចូលឆ្នាំត្រូវសម្រាក១៥ថ្ងៃ ទើបវិលមកធ្វើការងារឡើងវិញ៕

You might also like More from author