ផ្លូវជាតិ​លេខ២ និង​២២ បើក​ការ​ដ្ឋានស្តារ និង​សាងសង់​ស្អែក​នេះ

(ភ្នំពេញ)៖ ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នឹងត្រូវចាប់ផ្តើមបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។
ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំងពីរខ្សែនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាក ហ៉ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

គម្រោងស្តារឡើងវិញផ្លូវទាំងពីរខ្សែនេះ នឹងបែងចែកជា៣ផ្នែក រួមមាន៖

*ផ្នែកទី១៖ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ប្រវែងជាង ៤គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ចិញ្ចើមផ្លូវសងខាង ផ្លូវថ្មើរជើងសងខាង ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

*ផ្នែកទី២៖ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែងជាង ៤គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

*ផ្នែកទី៣៖ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែងជាង ៦៣គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក)។ រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។

ផ្លូវនេះទទួលបានសិទ្ធិសាងសង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយប្រើរយៈពេលសាងសង់ចំនួន ៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ២២ បានទន្ទឹងរង់ចាំការសាងសង់នេះអស់ជាយូរខែមកហើយ។ ពួកគេតែងតែជជីកសួរផងដែរថា តើពេលណាទើបផ្លូវនេះចាប់ផ្តើមសាងសង់ ព្រោះសភាពផ្លូវតូចចង្អៀតដូចពេលបច្ចុប្បន្នបង្កផលលំបាកច្រើនសម្រាប់ការធ្វើដំណើ។

គួបញ្ជាក់ផងដែរ ការយឺតយ៉ាវក្នុងការចាប់ផ្តើមសាងសង់ផ្លូវនេះ ដោយសារការសិក្សាដំបូងកំណាត់ផ្លូវជាតិនេះនឹងត្រូវសាងសង់ចាប់ពីរង្វង់មូលកួរស្រូវ ដល់អង្គតាសោម តែប៉ុណ្ណោះ។ ប៉ុន្តែដោយពិនិត្យឃើញពីកំណើនការអភិវឌ្ឍ និងទំហំចរាចរណ៍ ចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលកួរស្រូវ ទើបភាគីកម្ពុជា បានស្នើសុំទៅភាគីកូរ៉េខាងត្បូង សិក្សាបូកបន្ថែមការសាងសង់កំណាត់ផ្លូវជាតិនេះទៅក្នុងគម្រោងទាំងមូល៕

You might also like More from author