ទាហាន​ស័ក្តិ ៥ម្នាក់ ដាក់​ពាក្យ​ប្តឹង​គូដណ្តឹង ក្រោយ​លួច​ទៅ​រៀបការ​ជាមួយ​ប្រុសថ្មី

(កំពង់ស្ពឺ)៖ រឿងរ៉ាវដែលមិនគួរកើតឡើងមួយ បែរជាអាចកើតឡើងទៅរួចហើយ នៅក្នុងភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយបុរសជាយោធាស័ក្តិ៥ម្នាក់ មានឈ្មោះ ហង្ស ពេជ្រ បានសម្រេចចិត្តដាក់ពាក្យប្តឹងគូដណ្តឹងរបស់ខ្លួន ដែលបានភ្ជាប់ពាក្យត្រឹមត្រូវតាមច្បាប់ មានចាស់ទុំជាសាក្សី ឱ្យសងលុយថ្លៃចូលស្តីដណ្តឹង ខណៈដែលខាងស្រី ដែលត្រូវជាគូដណ្តឹងនោះ ទៅលួចរៀបការជាមួយប្រុសថ្មី។

លោក ហង្ស ពេជ្រ ដែលនៅក្នុងដៃបានកាន់រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹង បានអះអាងឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា អំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ លោក និងគូដណ្តឹងបានរៀបចំផ្សំផ្គុំដោយមានចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី ធ្វើឡើងត្រឹមត្រូវទៅតាមគន្លងប្រពៃណីខ្មែរ និងបានចំណាយលុយកាក់ជាច្រើន សម្រាប់ជូនភ្ញៀវហូបចុកក្នុងភូមិ។

លោក ហង្ស ពេជ្រ បានបញ្ជាក់ទៀតថា បន្ទាប់ពីភ្ជាប់ពាក្យជាគូដណ្តឹងរួចមក នាងបានទៅរស់នៅរៀនសូត្រផ្នែកអ៊ុតសក់នៅភ្នំពេញ ក្រោមការជួយទំនុកបំរ៉ុងពីលោក ដោយក្នុងមួយខែ លោកជួយលុយមិនក្រោម ២០០ដុល្លានោះទេ ដោយលោកយល់ថា ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។ ថ្ងៃមួយនាងជាគូដណ្តឹងបានសុំលោក ទៅលេងស្រុកកំណើត ស្រាប់តែទៅលួច បង្កាត់ភ្លើងស្នេហា និងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍ គ្រោងរៀបការគូថ្មីនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅភូមិ-ឃុំ របស់ផ្ទះខាងនាងទៅវិញ។ ពេលនេះភាគីខាងប្រុស ដាក់ពាក្យប្តឹងរួចហើយ។

លោក ឃាន ទូច ជាមេធាវីតំណាងដោយអាណត្តិរបស់លោក ហង្ស ពេជ្រ បានលើកឡើងពាក់ព័ន្ធនឹងផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល ១៥ថ្ងៃ ដើម្បីឲ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះលោកមេធាវី ក៏បានដាក់ពាក្យមុនដើម្បីឃាត់ពិធីអាពាហ៍ពិពាហ៍នេះ។

លោកមេធាវីបានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោក នៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅនឹងប្តីប្រពន្ធ ដែលដឹងឮដោយចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យនឹងគ្នាហើយ ស្មើនឹងសង្សារដូចខាងស្រី លើកឡើងនោះទេ។ លោកមេធាវីបានស្នើសុំឲ្យអាជ្ញាធរទាំងភូមិ ដល់ខេត្តត្រូវតែហាមឃាត់ពិធីរៀបការ របស់ភាគីខាងស្រីឲ្យបានដាច់ខាត ទៅតាមបណ្តឹងតាមផ្លូវច្បាប់របស់ភាគីខាងប្រុស។

ទោះជាយ៉ាងណាក៏ដោយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្នាក់ងារព័ត៌មាន បានព្យាយាមទំនាក់ទំនងទៅភាគីខាងស្រី ដែលជាគូដណ្តឹងសុំការពន្យល់តែលេខទូរស័ព្ទ មិនអាចទាក់ទងបានទេ៕

(ប្រភព Fresh News)

You might also like More from author