រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ចុះ​តម្លៃ​អគ្គិសនីជួយ​ដល់វិស័យឧស្សាហកម្ម និង​កសិកម្ម គិត​ជា​ទឹកប្រាក់​ប្រមាណ​ ៥០-៦០​លាន​ដុល្លារ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០នេះតទៅ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម ដើម្បីជួយសម្រួលដល់បរិយាកាសវិនិយោគ នៅប្រទេសកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈម្សិលមិញ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនលោកឯកអគ្គរាជទូតជប៉ុនថា ដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា នៅខែកុម្ភៈនេះ រាជរដ្ឋាភិបាលនឹងបញ្ចុះថ្លៃអគ្គិសនី១សេន ក្នុងមួយគីឡូវ៉ាត់ ហើយនឹងបន្តធ្វើឱ្យកាន់តែល្អប្រសើរលើការដឹកជញ្ជូន។

លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ដែលទទួលបានបានបញ្ចុះតម្លៃនេះ មានចំនួនរហូតដល់៨០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើកផែនការបញ្ចុះថ្លៃអគ្គិសនី តាមផែនការនៃឆ្នាំនីមួយៗ។

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះបានបញ្ជាក់ថា «ការបញ្ចុះតម្លៃ១សេនក្នុងមួយគីឡូវ៉ាត់នេះ បើគិតជាប្រាក់ប្រមាណពី៥០-៦០លានដុល្លារក្នុង១ឆ្នាំ ដែលនេះជាការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ផ្នែកឯកជន ក្នុងវិស័យឧស្សាហកម្ម ដែលមានទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើងជាដើម រួមទាំងវិស័យកសិកម្មផងដែរ ដើម្បីសម្រួលដល់ការវិនិយោគ»

You might also like More from author