អភិបាល​រាជធានី​ភ្នំពេញ​ទទួលស្វាគមន៍ និង​ជូន​ដំណើរ​ភ្ញៀវទេសចរ​នៅ​លើ​កប៉ាល់ Westerdam ហោះ​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ពួក​គេ​វិញ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីពាក់ព័ន្ធមួយចំនួន ទៀត បានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរទាំង ១៤១នាក់ នៅលើកប៉ាល់ Westerdam ដែលជាក្រុមជើងទី២។

សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។

អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍នេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕

You might also like More from author