សាស្ត្រាចារ្យ​សាសនា​ឥស្លាម ដាស់​តឿន​យុវជន​ខ្មែរ-ឥស្លាម​គ្រប់​រូប កុំភ្លើតភ្លើន​ថ្ងៃ១៤ កុម្ភៈ

(កណ្ដាល)៖ សាស្ត្រាចារ្យផ្នែកសាសនាឥស្លាមលោក មោសា អះម៉ាត់ បានតាស់តឿនក្រើនរម្លឹកយុវជនខ្មែរឥស្លាមគ្រប់រូប កុំភ្លើតភ្លើនថ្ងៃបុណ្យនៃក្ដីស្រលាញ់ ហើយអនុវត្តន៍វាលើផ្លូវខុស ដែលផ្ទុយចេញពីមាគាសាសនាឥស្លាមចៀសវាងបញ្ហាផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ពិសេសគឺផ្ទុយខុសពីសាសនា ខណៈពិធីបុណ្យនេះ ជាបុណ្យរបស់បរទេស គ្មានពាក់ព័ន្ធនឹងសាសនាឡើយ។

លោកសាស្ត្រាចារ្យ បានរម្លឹកថា ការស្រលាញ់គឺជាលក្ខណៈសំខាន់មួយ ដែលអល់ឡោះ (ព្រះជាម្ចាស់) បានដាក់ឲ្យមាននៅក្នុងចិត្តរបស់មនុស្សគ្រប់រូប ខណៈការស្រលាញ់នៅក្នុងសាសនាឥស្លាម មានច្រើនរូបភាពដូចជា៖

  • ការស្រលាញ់អល់ឡោះ
  • ការស្រលាញ់អ្នកនាំសាររបស់អល់ឡោះ
  • ការស្រលាញ់ច្បាប់វិន័យផ្សេងៗដែលអល់ឡោះបានដាក់
  • ការស្រលាញ់រវាងម្ដាយ-ឪពុកនិងកូន
  • ការស្រលាញ់រវាងប្តីនិងប្រពន្ធ
  • ការស្រលាញ់រវាងបងប្អូននិងសាច់ញ្ញាតិ
  • ការស្រលាញ់អ្នកក្រីក្រ
  • ការស្រលាញ់ទង្វើល្អ
  • ការស្រលាញ់ប្រទេសជាតិ និងអ្នកដឹកនាំ -ល-។

លោកបន្តថា «អ្នកឥស្លាមត្រូវបាន គេប្រើឲ្យបំពេញតួនាទី ចំពោះអ្នកដែលគាត់ស្រលាញ់ ទៅតាមសិទ្ធិដែលអ្នកទាំងនោះ ត្រូវទទួលបានជាប្រចាំ ដោយស្មោះត្រង់ ប៉ុន្តែសាសនានេះ មិនបានប្រើពួកគេឲ្យយកថ្ងៃណាមួយ ដើម្បីប្រារព្ធពីធីបុណ្យសំដែងនូវក្តីស្រលាញ់នោះឡើយ ព្រោះការស្រលាញ់ពិតប្រាកដ គឺជាការផ្សារភ្ជាប់នឹងការអនុវត្តន៍ នូវទង្វើដែលបញ្ជាក់ពីក្តី ស្រលាញ់ជាប្រចាំ វាមិនមែនត្រឹមតែជាការសម្តែងនោះទេ»

លោកសាស្ត្រាចារ្យបន្តថា ថ្ងៃបុណ្យនៅក្នុងសាសនាឥស្លាមត្រូវបានកំណត់ច្បាស់លាស់ ដោយអល់ឡោះ មានតែចំនួន២ប៉ុណ្ណោះធំៗគឺ ១៖ បុណ្យរ៉យ៉ាហ្វីតរី (បុណ្យស្រាយបួស), ២៖ បុណ្យរ៉យ៉ា អាល់អាឌហា (បុណ្យរ៉យ៉ាហាជី)។

លោកសង្កត់ធ្ងន់ថា «លើសពីនេះ សាសនាឥស្លាម បានប្រើឲ្យអ្នកឥស្លាម ស្គាល់ពីតម្លៃរបស់ខ្លួន និងជៀសវាងការភ្លើតភ្លើន ត្រាប់តាមអ្នកផ្សេង ដោយភ្លេចពីអត្តសញ្ញាណដ៏ល្អប្រពៃរបស់ខ្លួន»។ ជាក់ស្តែង មូហាំម៉ាត់ ជាអ្នកនាំសារ ឥស្លាម បានថ្លែងដែលមានន័យថា «បុគ្គលណាប្រដូចខ្លួននឹងក្រុមណាមួយ គាត់គឺស្ថិតនៅក្នុងក្រុមនោះ»

ទន្ទឹមនឹងសារនេះ សាស្ត្រាចារ្យសាសនាឥស្លាម លោក មោសា អះម៉ាត់ ក៏បានលើកទឹកចិត្ត ដល់យុវជនខ្មែរឥស្លាមគ្រប់រូប បង្កើនការស្រលាញ់ប្រទេសជាតិ ,សង្គម , សហគមន៍ សេចក្ដីថ្លៃថ្នូរ , ពិសេសគឺស្រលាញ់សុខសន្តិភាព ដែលកំពុងតែកើតមាន ក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

You might also like More from author