«ទីក្រុងរាម» ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ដ៏មាន​សក្តានុពល​បំផុត ក្រោម​គម្រោង​ទឹក​ប្រាក់​វិនិយោគ ១៦ពាន់លាន​ដុល្លារ

(ព្រះសីហនុ)៖ កម្ពុជាបានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទេសចរណ៍ «ទីក្រុងរាម» នៅក្នុងតំបន់ទេសចរណ៍នាគរាជ ខេត្តព្រះសីហនុ ដែលស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក។ គម្រោងនេះស្ថិតលើផ្ទៃដីទំហំ ៨៣៤ហិកតា
ត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារអាមេរិក។

ការប្រកាសគាំទ្រនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី សាយ សំអាល់, លោក គង់ វិមាន អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន និងតំណាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដែលជាសមាជិក គ.អ.ឆ.ក។

តាមការប្រកាសលទ្ធផល នៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ក្រោយពេលអភិវឌ្ឍជាតំបន់ទេសចរណ៍នោះ «ទីក្រុងរាម» នឹងក្លាយជាតំបន់មានសក្តានុពលធំបំផុត នៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ទេសចរណ៍បែបគំរូតាមទស្សនទាន «ស្អាត បៃតងឆ្លាតវៃ»។

គម្រោងអភិវឌ្ឍតំបន់នេះ ត្រូវបានបែងចែកជាដំណាក់កាលដោយត្រូវចាប់ផ្តើមអនុវត្ត ពីដើមឆ្នាំ២០២០ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗដូចជាសណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅសាលប្រជុំសាលសន្និសិទ អគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះក៏មានកីឡាវាយកូនគោលផងដែរ។ គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ សម្រាប់ការអភិវឌ្ឍនៅតំបន់នោះផង ក៏ដូចជាសាធារណជនចេញចូលប្រើប្រាស់តំបន់នោះដែលបច្ចុប្បន្ន មិនទាន់មានឆ្នេរ ខ្សាច់ស ស្អាតនៅឡើយ។

ដោយឡែកនៅក្នុងកិច្ចប្រជុំ ក៏បានគាំទ្រលទ្ធផលនៃការសិក្សាការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ «នាគរាជ» ខេត្តព្រះសីហនុផងដែរ ដែលស្នើឡើងដោយក្រសួងទេសចរណ៍ ដែលដឹកនាំក្រុមការងារអន្តរក្រសួង ក្នុងការសិក្សា រៀបចំតំបន់ទេសចរណ៍នាគរាជ។ តំបន់នេះស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ៣០៨១ហិកតា ដែលជាតំបន់ មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ពិសេសការភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ដោយបណ្តាញផ្លូវធំៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលបាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល។

តំបន់នេះនឹងក្លាយជាតំបន់ពិសិដ្ឋគំរូមួយ ក្នុងការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធដោយផ្តល់ផលប្រយោជន៍ សេដ្ឋកិច្ចសង្គម ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យជាយុទ្ធសាស្រ្ត ការប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសពហុបំណង ស្របតាមផែនការយុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕

(ប្រភព Fresh News)

You might also like More from author