ការដ្ឋាន​សាងសង់​ផ្លូវ​បេតុងជាង ៣គីឡូ និង​ដាក់​ប្រព័ន្ធ​លូនៅបុរី «ឡេង ណាវ៉ាត្រា» ក្នុង​សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ និងការដាក់ប្រព័ន្ធលូអមតាមបណ្តោយផ្លូវទាំង ១១ខ្សែនេះ ជាមួយនឹងការសាងសង់បុរី «ឡេង ណាវ៉ាត្រា» របស់ក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីសម្រួលដល់ជូនប្រជាពលរដ្ឋ បានធ្វើដំណើរក៏ដូចជា កាត់បន្ថយនូវការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ នៅក្នុងបុរី «ឡេង ណាវ៉ាត្រា» ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យបើក ការដ្ឋានសាងសង់ផ្លូវ។

លោក ហែម ដារិទ្ធ បានលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងលោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» មកដល់ពេលនេះ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ៨៧២៤៧១ដុល្លារ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។ ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាត និងមានទឹកលិចផ្លូវលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ថ្ងៃនេះសាលា ខណ្ឌពោធិ៍សែនជ័យ ជាពិសេសសង្កាត់ចោមចៅទី២ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេសពីលោកឡេង ណាវ៉ាត្រា ដោយក្រុមហ៊ុនរបស់លោក បន្តធ្វើការវិនិយោគសាងសង់បុរីឡេង ណាវ៉ាត្រា លើផ្ទៃដីទំហំ១៥ ហិកតាសាងសង់លំនៅដ្ឋានចំនួន ១៣០០ល្វែង។

ជាមួយគ្នានេះលោក ឡេង ណាវ៉ាត្រា នឹងចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែ ប្រវែង ៣១៩៥ម៉ែត្រ ចំណាយថវិកាចំនួន ៦១៣៤៤០ដុល្លារ និងដាក់ប្រព័ន្ធលូអស់ថវិកាចំនួន ១៥៩៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ដែលបាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

លោក ស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» បានកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់នេះជាច្រើន។
លោកថា «ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន ១១ខ្សែ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយ ថវិកាអស់ ប្រមាណជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ»

You might also like More from author