ថ្ងៃនេះ សរុប​ភ្ញៀវទេសចរ​ជាង ៨០០នាក់ បន្ដ​ចាក​ចេញ​ពី​នាវា Westerdam មក​រាជធានីភ្នំពេញ ដើម្បី​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ

(ព្រះសីហនុ)៖ ពេញមួយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវទេសចរសរុប ៨២៧នាក់ បានបន្ដចាកចេញពីនាវា Westerdam មកព្រលានយន្ដហោះកងកេង ខេត្តព្រះសីហនុ រួចឆ្ពោះមកកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញរៀងៗខ្លួន។

សម្រាប់ក្រុមភ្ញៀវទេសចរទាំងនេះ បានធ្វើដំណើរតាមយន្តហោះចំនួន ៦ជើង ដោយហោះចេញពីព្រលានយន្តហោះអន្តរជាតិកងកេង ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវាមួយចំនួនទៀត បានធ្វើដំណើរតាមរថយន្តក្រុង។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់នៅរសៀលថ្ងៃនេះថា ភ្ញៀវទេសចរដែលចាកចេញពីនាវា Westerdam នៅថ្ងៃនេះសរុបមាន ៦ជើង រួមមាន៖

  • ជើងហោះហើរទី១ ចេញម៉ោង ០៨៖១០នាទីព្រឹក មានអ្នកដំណើរចំនួន ១២៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)
  • ជើងហោះហើរទី២ ចេញម៉ោង ០៨៖៣០នាទីព្រឹក មានអ្នកដំណើរចំនួន ១៤៣នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៣ ចេញម៉ោង ០៩៖៥៨នាទីព្រឹក មានអ្នកដំណើរចំនួន ១៥៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៤ ចេញម៉ោង ១២៖៥០នាទី មានអ្នកដំណើរចំនួន ១១៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៥ ចេញម៉ោង ១២៖៣៥នាទី មានអ្នកដំណើរចំនួន ១០៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៦ ចេញម៉ោង ១៣៖១៥នាទី មានអ្នកដំណើរចំនួន ១២២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)។

ដោយឡែកនៅម៉ោង ១៧៖២០នាទីមានអ្នកដំណើរចំនួន ០២នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ) ហើយបុគ្គលិកនាវា ចំនួន ៥៦នាក់ ចេញតាមឡានក្រុងទៅរាជធានីភ្នំពេញ។ សរុបអ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកលើនាវាសម្រាប់ថ្ងៃនេះ មានចំនួន ៨២៧នាក់។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ។

បើតាមអ្នកនាំពាក្យ កាលពីម្សិលមិញ ភ្ញៀវទេសចរ បានចេញពីខេត្តព្រះសីហនុចំនួន ៤១៥នាក់ (តាមយន្តហោះ ៤០៥នាក់ និងតាមរថយន្ត១០នាក់) ដូច្នេះសរុបចំនួនពីរថ្ងៃ អ្នកចាកចេញទាំងអ្នកដំណើរ និងបុគ្គលិកមានចំនួន ១២៤២នាក់។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ៕

You might also like More from author