អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ផ្ញើលិខិត​ជូន​សម្តេចតេជោ កោត​សរសើរ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​នាវា Westerdam ចូលចត

(ភ្នំពេញ)៖ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) កាលពីម្សិលមិញ បានផ្ញើលិខិតកោតសរសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្តប្រកបដោយមនុស្សធម៌របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យ នាវា Westerdam ចូលចត។
ក្នុងលិខិតរបស់ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បាន បញ្ជាក់ថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សម្គាល់ចំពោះស្ថានភាពដ៏លំបាក់នៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចុះចតនៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ»។
លិខិតនេះបានបន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។

អង្គការទេសចរណ៍ពិភពលោកក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តន៍នៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយអង្គការសុខភាបពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។ យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតអោយធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ។ នេះបើតាមលិខិត លោក Zurab Pololikashvili។
លោកបន្តថា «ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហាន និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រលាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ»

សូមជម្រាបថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ តែ បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព ទេសចរទាំងនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។
ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕

You might also like More from author