អាជ្ញាធរ​ជាតិ​អប្សរា ត្រៀម​រៀបចំ​សង្ក្រាន្ត​សៀមរាប ក្រោម​ប្រធាន​បទ «អង្គរ៖ អតីតកាល បច្ចុប្បន្ន និងអនាគត»

(សៀមរាប)៖ ដើម្បីចូលរួមអបអរសាទរ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរ ឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ៖ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ៦ រោច ដល់ថ្ងៃ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០។

ទាក់ទងនឹងប្រធានបទ «អង្គរ៖ អតីតកាល បច្ចុប្បន្ន និងអនាគត» អាជ្ញាធរជាតិអប្សរានឹងធ្វើពិព័រណ៍បង្ហាញពីការកំណាយបុរាណវិទ្យា សមិទ្ធផលអាជ្ញាធរជាតិអប្សរា និងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលនឹងផ្តល់ចំណេះដឹងដល់សាធារណជនបានស្គាល់ពីបច្ចេកទេសនៃការប្រើប្រាស់ និងកែច្នៃថ្មតាមបែបបុរាណ និងទំនើប ការព្យាបាលថ្ម ការសាងសង់ប្រាសាទខ្មែរ ផែនទីតំបន់អង្គរ និងការស្រាវជ្រាវបុរាណវិទ្យាជាដើម។

ការរៀបចំសៀមរាបសង្ក្រាន្ត ក៏មានបញ្ចូលវប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីកម្សាន្តសប្បាយនៅក្នុងពិធីថែមទៀត ពិសេសនឹងបង្ហាញពីការដាប់ឆ្លាក់ចម្លាក់ សិប្បកម្ម ដែលសាធារណជនក៏អាចចូលរួមជាមួយអ្នកជំនាញ និងទិញយកទៅប្រើប្រាស់បាន ដើម្បីលើកម្ពស់តម្លៃសិល្បខ្មែរ និងជីវភាពប្រជាជនផងដែរ៕

(ប្រភព ​Fresh News)

You might also like More from author