សាលា​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​ការ​ដេញ​ថ្លៃលើ​ការ​ផ្ដល់​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម ចាប់ពី​ថ្ងៃ​ស្អែក​នេះ ដល់ថ្ងៃ​ទី២៨ ខែកុម្ភៈ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងត្រៀមដេញថ្លៃលើការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រយៈពេល ០៣ថ្ងៃជាប់គ្នា ដោយចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំឯកសារ និងនីតិវិធីដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់វឹង នៅរាជធានីភ្នំពេញ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពតាមលក្ខណៈស្ដង់ដាអន្ដរជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ជាធរមានរបស់កម្ពុជា។

ក្នុងដំណើរការលទ្ធកម្មនេះ នឹងត្រូវធ្វើឡើងជា ០២ដំណាក់កាលផ្សេងគ្នា ក្នុងនោះ ក្រុមហ៊ុនដែលទទួលបានការជ្រើសរើស ក្នុងដំណាក់កាលទី១ និងមានសិទ្ធិចូលរួមដេញថ្លៃបន្ដ ក្នុងដំណាក់កាលទី២ (ដំណាក់កាលលទ្ធកម្ម)។ រាជធានីភ្នំពេញ ត្រូវបានចែកចេញជា០៤តំបន់ សម្រាប់ឲ្យក្រុមហ៊ុន ធ្វើការជ្រើសរើសក្នុងការផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណង់រឹងទៅតាមតំបន់នីមួយៗ។

សូមបញ្ជាក់ថា មុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្រោយដកសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៉ិនទ្រី ហើយនៅពេលរដ្ឋគ្រប់គ្រង មានស្ថិរភាពនោះ រដ្ឋនឹងធ្វើការជ្រើសរើសក្រុមហ៊ុនផ្សេងគ្នាចំនួន៤ ដើម្បីប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។ ចំណែកថ្លៃសំរាម ក៏ត្រូវដកចេញពីវិក្កយបត្រអគ្គិសនីផងដែរ។

ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនធំៗ របស់ជប៉ុនចំនួន៣ នឹងចូលរួមប្រមូលដេញថ្លៃប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលបញ្ហានេះ កំពុងប្រឈម ក្នុងរាជធានីភ្នំពេញ៕

You might also like More from author