ក្រសួងសុខាភិបាល ជំរុញ​ឲ្យ​អភិបាល​គ្រប់​រាជធានី-ខេត្ត បង្កើន​ការ​ប្រុងប្រយ័ត្ន និង​មាន​វិធានការ​បង្ការ​ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 មកមនុស្ស

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ដល់គ្រប់អភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងមានវិធានការបង្ការការឆ្លងជំងឺគ្រុនផ្តាសាយបក្ស H5N1 ក្រោយជំងឺនេះផ្ទុះឡើងនៅប្រទេសវៀតណាម។

លិខិតក្រសួងសុខាភិបាល ៖​ «សូម ឯកឧត្តម លោកជំទាវ អភិបាល​នៃគណៈអភិបាលរាជធានី-ខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ពិសេសនៅខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម»

ក្រសួងសុខាភិបាល បានណែនាំឲ្យប្រជាពលរដ្ឋ មិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបក្ស៊ីសម្រាប់បរិភាគ ត្រូវចម្អិនឲ្យបានឆ្អិនល្អ, ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ប៉ះពាល់ផ្ទាល់ជាមួយបសុបក្សី។

ក្រសួងសុខាភិបាលបន្ថែមថា បើបុគ្គលណាម្នាក់មានគ្រុនក្តៅលើសពី ៣៨.៥អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល១៤ថ្ងៃ មុនពេលចេញរោគសញ្ញា សូមទំនាក់ទំនងលេខ​ទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

You might also like More from author