សម្ដេចតេជោ ហ៊ុន សែន ព្រមាន​បិទ​ឱសថ​ស្ថាន និង​រឹប​អូស​យក​ម៉ាស់​ពី​ឱសថស្ថាន​ណា ដែល​លក់​ម៉ាស់​ថ្លៃ​ហួស​ហេតុ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅវិមានសន្ដិភាព។សម្ដេចតេជោ ហ៊ុន សែន បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។

បើតាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ចាត់វិធានការរឹបអូសម៉ាស់ដែលកំពុងដាក់លក់នោះហើយ សមត្ថកិច្ចនឹងឈានទៅដល់ការបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត ដើម្បីឲ្យរៀងចាលដែលចំណុចនេះសម្ដេចកំពុងសិក្សាផ្លូវច្បាប់ និងឈានទៅអនុវត្តតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្ដឡើងថ្លៃ ទៅរឹបអូសយកតែម្ដង ដាក់បញ្ជារឹបអូសតែម្ដង។ កុំឲ្យវាយកស៉ីតទៅទៀត ហើយបិទឱសថស្ថានចោលតែម្ដង។ ទម្លាក់ថ្លៃទាន់ពេលដែលរដ្ឋាភិបាលប្រើកណ្ដាប់ដៃដែក បិទលើកនេះបិទមិនឲ្យអ្នកឯងរកស៉ី មិនត្រឹមតែដកម៉ាស់ទេ បិទមិនឲ្យរកស៉ីមួយជីវិតដើម្បីឲ្យរាងចាល»

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងសុខាភិបាល ស្រាវជ្រាវ និងពិនិត្យជាបន្ទាន់ទៅលើឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ ឡើងថ្លៃហួសហេតុ និងពិនិត្យរាល់ករណីដែលប្រជាពលរដ្ឋរាយការណ៍។ វិធានការនេះ សម្ដេចបានចាត់ទុកថា ដោយសារណែនាំទៅម្ចាស់ទីតាំងមិនស្ដាប់ ទើបប្រើចំណាត់ការនេះ។

គួរជម្រាបថា បន្ទាប់ពីផ្ទុះការរីករាលដាលជំងឺ COVID-19 ហើយតម្រូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ម៉ាស់ ដើម្បីពាក់ការពារនោះ ស្រាប់តែតម្លៃម៉ាស់ ដែលកំពុងដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ហាក់មានការកើនឡើងយ៉ាងខ្លាំង ដោយតម្លៃធម្មតា ប្រមាណ៣ដុល្លារមួយប្រអប់ (៥០ម៉ាស់) បានកើនដល់រង្វង់២០ដុល្លារក្នុងមួយប្រអប់៕

You might also like More from author