លោកស្រី ម៉ែន សំអន អញ្ជើញ​ថ្វាយ​គ្រឿងសក្ការៈ និង​​បួងសួង​ព្រះអង្គ​ចតុមុខ ខេត្តព្រះវិហារ សុំឲ្យ​កម្ពុជា​ចៀស​ឆ្ងាយ​ពី​គ្រោះចង្រៃ​នានា

(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈ និងបួងសួងព្រះអង្គចតុមុខ នៅភូមិតាសែង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

លោកស្រី ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។

លោកស្រីក៏បានជាមួយសំណេះសំណាលកងកម្លាំងប្រចាំការនៅតំបន់នោះ ក៏ដូចជាឆ្មាំប្រាសាទ និងប្រជាពលរដ្ឋឲ្យចេះថែរក្សាសុខភាព ស្របពេលដែលពិភពលោកកំពុងតែរីករាលដាលជំងឺ COVID-19 និងរួមគ្នាថែរក្សាប្រាសាទ ដែលជាមរតករបស់ដូនតាយើងឲ្យបានគង់វង្ស។

សូមរំលឹកថា គម្រោងការជួសជុលប្រាសាទចតុមុខនេះ បានបើកការដ្ឋាន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភពីសំណាក់លោកស្រី ម៉ែន សំអន ដោយមានការឧបត្ថម្ភ និងគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ៕

You might also like More from author