អាជ្ញាធររាជធានីភ្នំពេញ និង​គ្រូពេទ្យ​ជំនាញចិន បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​ស្តីពី​វិធានការ​បន្ទាន់ បង្ការជំងឺ COVID-19 នៅតាមផ្ទះ និង​តាម​ដងផ្លូវ ក្នុងខណ្ឌ​ច្បារអំពៅ

(ភ្នំពេញ)៖ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការជំងឺ COVID-19 នៅតាមផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះបងប្អូនពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស។

ជាក់ស្តែង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យជំនាញចិន ដែលទើបមកដល់ប្រទេសកម្ពុជា បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទទាំងអស់ បើកយុទ្ធនាការពន្យល់ពីវិធីការពារ និងចែកបដាដែលបង្ហាញពីការចម្លង នៃជំងឺ COVID-19 ដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ។

អភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា គោលដៅចំបងក្នុងការងារនេះ គឺបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ COVID-19 និងវិធីការពារសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានអនាម័យដោយលាងដៃនឹងស្អាតជាមួយសាប៊ូជាប្រចាំ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់ឧបករណ៍ឧឃោសនស័ព្ទ និងបិទខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធីបង្ការនៅតាមភូមិ និងផ្សព្វផ្សាយ ពីវីធីបង្ការ ការពារ និងការទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 តាមភូមិសាស្ត្រសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕

You might also like More from author