ការឧបត្ថម្ភរបស់​សប្បុរសជន​នានា សម្រាប់​ធ្វើ​​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​​កូវីដ១៩ មាន​ទឹកប្រាក់​ជិត ៩លាន​ដុល្លារ​អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ការឧបត្ថម្ភរបស់សប្បុរសជននានា សម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ មានទឹកប្រាក់ជិត ៩លានដុល្លារអាមេរិកហើយ។

ការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤០០នាក់។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលបានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យផ្ទាល់ខ្លួន សម្រាប់ដោះស្រាយបញ្ហារីករាលដាលជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ចំពោះការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនផងដែរ ហើយសម្តេចចាត់ទុកថា នេះគឺជាកាយវិការបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការចេះជួយគ្នាទៅវិញទៅមក។

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះ ទួលព្រះបង្គំខ្ញុំ តាងនាមឲ្យរាជរដ្ឋាភិបាល សូមអរព្រះគុណចំពោះព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្តេចព្រះវរៈមាតាជាតិខ្មែរ សម្តេចម៉ែ ដែលព្រះអង្គបានចូលរួមវិភាគទាន ដោយចាប់ផ្តើមមុនគេ នៃការប្រទានជំនួយសប្បុរសនេះ។ ចេញពីព្រះមហាក្សត្រ និងចេញពីសម្តេចម៉ែរបស់យើង ព្រះមហាក្សត្រ ១០ម៉ឺនដុល្លារ សម្តេចម៉ែ ២០ម៉ឺនដុល្លារ បន្ទាប់ទៅសប្បុរសជន ក៏បានចាប់ផ្តើមចូលរួម ដែលមកដល់ពេលនេះ ថវិកាដែលបានចូលរួមរបស់សប្បុរសជន បានប្រមាណជិត ៩លានដុល្លារ»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សម្តេចនៅតែទទួល​ថវិកាសប្បុរសជននានា រហូតដល់ការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ហើយ ថវិកាសប្បុរសជនបើនៅសល់ នឹងត្រូវបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់ របស់សុខាភិបាល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីសម្រេចមួយ បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គណៈកម្មការនេះដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អមដោយអនុប្រធានប្រធាន៥រូប និងសមាជិកជា៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀតជាអភិបាលរាជធានីខេត្តទាំងអស់នៅកម្ពុជា។

សូមបញ្ជាក់ថា គិតរហូតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕

You might also like More from author