សម្តេចតេជោ ហ៊ុន សែន ស្នើសុំ​កុំឲ្យ​ប្រើប្រាស់​អបិយ​ជំនឿ ដើម្បី​បណ្តេញ​ជំងឺ​កូវីដ១៩ ព្រោះ​វា​អាច​បង្ក​នូវ​ហានិភ័យ​ខ្ពស់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ស្នើសុំប្រជាពលរដ្ឋទូទាំងប្រទេស សុំកុំឲ្យប្រើអបិយជំនឿ ដើម្បីបណ្តេញជំងឺកូវីដ១៩ ដូចជាការអុចភ្លើងជាដើម ព្រោះវាអាចបង្កនូវហានិភ័យខ្ពស់។

ការស្នើសុំបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

ថ្លែងនៅចំពោះមុខ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវ សូមកុំប្រើអបិយជំនឿ ដើម្បីបណ្ដេញកូវីដ១៩»។ សម្ដេចតេជោ ចាត់ទុកសកម្មភាពបែបនេះ វាងាយនឹងបង្កហានិភ័យខ្ពស់ណាស់។សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវមិនឲ្យមានការរើសអើង អ្នកជំងឺកូវីដ១៩នោះឡើយ ជាពិសេសក្រោយពេលដែលគាត់ បានជាសះស្បើយ៕

You might also like More from author