ឃាត់ខ្លួន​បុរស​ម្នាក់ ដក​ហូត​រថយន្ត និង​គ្រឿងចក្រ ៧គ្រឿង ក្រោយ​ឈូស​ឆាយ​យកដីរដ្ឋ ក្នុង​អាងស្តុក​ទឹក​ពហុ​បំណង​សេកសក ស្រុក​រតនៈ​មណ្ឌល ខេត្ត​បាត់ដំបង

(បាត់ដំបង)៖ ក្រោយទទួលបានពាក្យប្តឹងពីមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កម្លាំងអាវុធហត្ថស្រុកសំឡូត និងស្រុករតនៈមណ្ឌល ក្រោមការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនបុរសម្នាក់ និងគ្រឿងចក្រមួយចំនួន ពីបទឈូសឆាយយកអាចម៍ដីសារធារណរបស់រដ្ឋ ដីអាងស្តុកទឹកពហុបំណង សេកសក យកទៅធ្វើផ្លូវកម្មសិទ្ធិឯកជនដោយគ្មានការអនុញ្ញាត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយមើលឃើញបទល្មើសជាក់ស្តែង ដែលបានប្រើគ្រឿងចក្រ មកឈូសឆាយលើដីរដ្ឋ ក្នុងដីអាងទឹកពហុបំណងសេកសកខាងលើ មន្ទីរជំនាញបានសុំអនុសាសន៍របស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកអភិបាលខេត្ត បាត់ដំបង ព្រមទាំងបានប្តឹងទៅកម្លាំងអាវុធហត្ថ សហការជាមួយមន្រ្តីមូលដ្ឋានពាក់ព័ន្ធ ចុះបង្រ្កាប និងឃាត់ខ្លួនមានម្ចាស់គ្រឿងចក្របានម្នាក់ក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម បានបង្ហើបទៀតថា ជនសង្ស័យនេះ ធ្លាប់បានធ្វើកិច្ចសន្យាជាមួយមន្ទីរជំនាញលើក ១ម្តងហើយ តែក្រោយមកជននេះនៅតែធ្វើសកម្ម ភាពដដែលៗ ២ទៅ៣លើកទៀត ដោយមិនព្រមឈប់។ លុះថ្ងៃចុងក្រោយទើបមន្ទីរជំនាញសម្រេចចិត្តសុំគោលការណ៍ ថ្នាក់ដឹកនាំធ្វើការបង្រ្កាប និងឃាត់ខ្លួនព្រមទាំងគ្រឿងទាំងអស់តែម្តង។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ុត ទួន ភេទ ប្រុសអាយុ៥៧ឆ្នាំ ស់នៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំងបានដកហូតវត្ថុតាងគ្រឿងចក្រមាន៖

*១៖ អ៊ិចស្កាវាទ័រចំនួន២គ្រឿ
*២៖ ឡានដឹកអ៊ិចស្កាវាទ័រចំនួន១គ្រឿង
*៣៖ អាប៊ុលចំនួន១គ្រឿង
*៤៖ ឡានដឹកដីចំនួន៣គ្រឿង។

គ្រឿងចក្រទាំងនេះ មន្ទីរជំនាញបានផ្ញើទុកនៅទីបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុករតនៈមណ្ឌលបណ្តោះអាសន្ន រង់ចាំធ្វើការស្រាយតាមច្បាប់នៅពេលក្រោយ។ ក្រោយការឃាត់ខ្លួន និងបញ្ជូនខ្លួនជនសង្ស័យមកទីបញ្ជាការអាវុធហត្ថខេត្ត លោកមេបញ្ជាការបានបញ្ជាឲ្យការិយាល័យជំនាញធ្វើការសាកសួរបន្ថែម រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី៕

(ប្រភព Fresh News)

You might also like More from author