ទស្សនៈ​របស់​និសិ្សត​ស្ម័គ្រ​ចិត្ត​បីរូប​ បាន​ចូលរួម​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​កូវីដ​១៩

(ភ្នំពេញ)៖ បន្ទាប់ពីការដង្ហោយ និងទទូចពីរាជរដ្ឋាភិបាលស្វែងរកកម្លាំងចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតនៅក្នុងប្រទេសនោះ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងនិស្សិតពេទ្យសរុបប្រមាណ ៤២២នាក់ហើយ បានស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មប្រយុទ្ធនឹងសត្រូវឥតស្រមោលកូវីដ១៩។

ខាងក្រោមនេះជាទស្សនះរបស់និសិ្សតស្ម័គ្រចិត្តបីរូបបានចូលរួមក្នុងបេសកកម្មប្រយុទ្ធប្រឆាំងកូវីដ១៩៖

១៖ កញ្ញា សេង ស្រីវិន ជានិស្សិតមួយរូបដែលទទួលបានអាហារូបករណ៍ទ្រទ្រង់ការសិក្សាពីសម្តេចតេជោ ហ៊ុន សែន កំពុងសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានលើកឡើងថា ខ្លួនបានដាក់ចិត្តចូលរួមក្នុងបេសកកម្មនេះ។ក្រុមគ្រួសារ និងសាច់ញាតិមិនបានរីករាយនឹងសកម្មភាពនេះឡើយ ពោលគឺពួកគាត់បារម្ភពីសុវត្ថិភាពរបស់កញ្ញាផ្ទាល់។

កញ្ញា ស្រីវិន និស្សិតបានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងប៉ាម៉ាក់ប្អូនគាត់បារម្ភ គាត់ខ្លាចក្រែងយុទ្ធនាការនេះខ្លាចមានការប៉ះពាល់ជាមួយអ្នកឆ្លងជំងឺហ្នឹង ហើយយើងអត់បានការពារជាក់លាក់ស្រួលបួលវាអាចឆ្លងវីរុសហ្នឹងមកលើយើងផ្ទាល់ គាត់ខ្លាចប៉ះពាល់ដល់សុខភាពខ្ញុំផ្ទាល់»

ស្រីវិន បានពន្យល់ទៅលោកឪពុកអ្នកម្តាយរបស់កញ្ញាយ៉ាងដូច្នេះថា «ខ្ញុំពន្យល់គាត់ថា ប៉ាម៉ាក់ខ្ញុំមានចិត្តចង់ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដហ្នឹង។ ខ្ញុំយល់ថាវាមានផលលំបាក ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំខ្លួនឯងផ្ទាល់អាចការពារខ្លួនឯងបានអត់មានការចម្លងវីរុសហ្នឹងពីអ្នកជំងឺមកដល់ខ្ញុំ ហើយបើខ្ញុំឆ្លងមេរោគ ក៏ខ្ញុំអាចដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន គឺធានាបានអត់ឱ្យមានការសាយភាយមេរោគហ្នឹងពីមជ្ឈដ្ឋានខាងមកដល់យើង ឬពីយើងទៅមជ្ឈដ្ឋានខាងក្រៅ»។

កញ្ញា សេង ស្រីវិន បានបង្ហាញពីមូលហេតុដែលនាំឱ្យខ្លួនចូលរួមក្នុងបេសកកម្មមួយនេះយ៉ាងដូច្នេះថា «ខ្ញុំជានិស្សិតម្នាក់ផ្នែកសុខាភិបាលអ៊ីចឹងទឹកចិត្ត ជាគ្រូពេទ្យត្រូវតែចូលរួមក្នុងការលើកកម្ពស់វិស័យសុខាភិបាលយើង។ ជាពិសេសពេលប្រទេសយើងកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ១៩ ទឹកចិត្តខ្ញុំជាគ្រូពេទ្យត្រូវតែចូលរួម។ មួយវិញទៀត ទឹកចិត្តជាប្រជាជនម្នាក់ គឺយើងត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺហ្នឹងដែរ»

២៖ និស្សិតម្នាក់ទៀតដែលបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាកពីប្រទេសថៃ លោក ទាវ សុធារ័ត្ន ។លោកត្រូវបានក្រុមគ្រួសាររារាំងមិនចង់ឱ្យចូលរួមក្នុងបេសកកម្មនោះឡើយបារម្ភខ្លាចប៉ះពាល់ដល់អាយុជីវិត។

និស្សិតពេទ្យបញ្ចប់ការសិក្សាពីប្រទេសថៃរូបនេះ បានបញ្ជាក់ដូច្នេះ «តាមពិតទៅម៉ាកប៉ាបងប្អូនគាត់មានការព្រួយបារម្ភដែរ។ ប៉ុន្តែគាត់ជឿជាក់លើខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំបានពន្យល់គាត់ថាមិនបាចពិបាកចិត្តទេ ព្រោះខាងក្រសួងពាក់ព័ន្ធ ក្រសួងសុខាភិបាលគាត់មានការបង្ហាត់បង្រៀនមុនពេលយើងទៅប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩នេះ។ គាត់ក៏បានលើកទឹកចិត្តវិញ ហើយជូនពរឱ្យទទួលបានជោគជ័យ»

សុធារ័ត្ន បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបាននិយាយតែម្តងជាមួយក្រុមគ្រួសារថា កុំស្តាយអីនេះ ព្រោះនេះជាជំនាញដែលខ្ញុំស្រឡាញ់។ និយាយរួមខ្ញុំលះបង់ទោះបីខ្ញុំមានបញ្ហាអ្វីក្នុងកាលៈទេសៈនេះខ្ញុំលះបង់ ខ្ញុំមិនស្តាយទេ ដើម្បីប្រជាជន ដើម្បីប្រទេសជាតិរបស់យើង»
លោក ទាវ សុធារ័ត្ន ក៏ដូចនឹងកញ្ញ ម៉ា ហ្សាគីណា ផងដែរ។ លោក សុធារ័ត្ន បានអះអាងថា ការចូលរួមក្នុងបេសកកម្មនេះ គឺជារឿងមោទនភាពសម្រាប់លោក ហើយទោះគ្រោះថ្នាក់អាយុជីវិតក៏លោកនៅតែរីករាយ។

៣៖ កញ្ញា ម៉ា ហ្សាគីណា ជាខ្មែរឥស្លាមកំពុងសិក្សាមុខវិជ្ជាពេទ្យដែរនោះ បានមើលឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺជាភារកិច្ច និងកាតព្វកិច្ចរបស់គ្រូពេទ្យ ដែលត្រូវតែបំពេញ។ កញ្ញាបានលើកឡើងបន្តថា ប្រសិនបើប្រទេសជាតិប្រឈមនឹងជំងឺ ហើយគ្រូពេទ្យមិនធ្វើតួនាទីភារកិច្ចរបស់ខ្លួនតើប្រជាពលរដ្ឋត្រូវរំពឹងអ្វី?

ម៉ា ហ្សាគីណា បានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់បេសកកម្មមួយនេះខ្ញុំស្រឡាញ់ខ្លួនឯង។ មួយវិញទៀតក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំមិនអាចឈរមើលពេលប្រទេសយើងរាតត្បាតដោយសារជំងឺកូវីដ១៩នេះ។ បើខ្ញុំមិនធ្វើប្រជាជនមិនដឹងពឹងនរណាគេទេ? នេះជាតួនាទីរបស់យើងត្រូវធ្វើ»
កញ្ញា ម៉ា ហ្សាគីណា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសប្បាយចិត្តបានធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ទោះបីមានបញ្ហាអ្វីមួយដល់ជីវិតខ្ញុំ ក៏ខ្ញុំសប្បាយចិត្តដែរព្រោះជាការពលីសម្រាប់សង្គមជាតិ»

ក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្តចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ នឹងត្រូវធ្វើសកម្មភាពដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ពួកគេនឹងត្រូវបែងចែកការងារទៅតាមមុខព្រួញដែលក្រុមការងារក្រសួងសុខាភិបាលចាត់ចែង មានដូចជាអ្នកព្យាបាល អ្នកយកសំណាកអ្នកជំងឺ អ្នកថែទាំ និងអ្នកដឹកជញ្ជូនជាដើម។ មុនចេញបេសកកម្មក្រុមគ្រូពេទ្យទាំងអស់នេះ នឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនពីអ្នកជំនាញផងដែរ។

You might also like More from author