អ្នក​ជាពី​ជំងឺ COVID-19 អំពាវនាវ​រដ្ឋ កុំឱ្យ​ប៉ះពាល់​អ្នក​ដែល​សង្ស័យ​មាន​វីរុស COVID-19 និង​ធ្វើអនាម័យ​តាម​ការ​ណែនាំ របស់​ក្រសួង​សុខាភិបាល

(កោះកុង)៖ បុរសជនជាតិខ្មែរឥស្លាម វ័យ៥៧ឆ្នាំ ដែលមានជំងឺឆ្លង COVID-19 បានជាសះស្បើយជាធម្មតាវិញ ត្រូវបានក្រុមពេទ្យអនុញ្ញាត ឱ្យទៅផ្ទះវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំនៅជិត ឬប៉ះពាល់មនុស្សដែលសង្ស័យមានផ្ទុកវីរុស COVID-19 ជាពិសេសត្រូវធ្វើអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បុរសជនជាតិ ខ្មែរឥស្លាម វ័យ៥៧ឆ្នាំ បានបង្ហាញពីភាពសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមគ្រូពេទ្យដែលខិតខំព្យាបាលគាត់យ៉ាងយកចិត្តទុកដាក់ ព្យាបាលជំងឺ COVID-19 ក្នុងខ្លួនគាត់បានជាសះស្បើយ ហើយក្រុមពេទ្យបានធ្វើការណែនាំអប់រំ ដល់គាត់មិនឱ្យមានការព្រួយបារម្ភអ្វីឡើយ គិតពីសុខភាពខ្លួនឯង។

លោកវេជ្ជបណ្ឌិត ហ៊ៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថា ក្រោយពីបានធ្វើតេស្តពីវិទ្យាស្ថានប៉ាស្ទ័រ រួចមក ហើយលទ្ធផលបង្ហាញថា គាត់បានជាសះស្បើយពីជំងឺ COVID-19នោះ មន្ទីរពេទ្យបង្អែកខេត្ត ក៏បានអនុញ្ញាត ឱ្យគាត់វិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ហើយបើមានបញ្ហាសុខភាព ត្រូវអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យលោកគ្រូពេទ្យពិនិត្យសុខភាព។

លោកស្រី មិថុនា ភូថង បានបន្តថា អ្វីដែលសំខាន់ គឺត្រូវចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា ហើយអនុវត្តន៍ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល យើងអាចគេចផុតពីជំងឺដ៏សាហាវនេះហើយ បន្ថែមពីនេះលោកស្រីអភិបាលខេត្ត ក៏អំពាវរនាវដល់បងប្អូន ជនរួមជាតិទាំងអស់ បើមានបញ្ហាសុខភាពខុសពីប្រក្រតី សូមអញ្ជើញមកពិនិត្យសុខភាពជាបន្ទាន់ កុំគេចវេសឱ្យ ដើម្បីខ្លួនឯង និងដើម្បីគ្រួសារ៕

You might also like More from author