អភិបាល​រាជធានី​ភ្នំពេញ ​ប្រកាស​ស្ថាប​នាផ្លូវ ​ដាក់​ភ្លើង​ លូ និង​ទឹកស្អាត​ ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិព្រែក​តាគង់ ​ខណ្ឌមានជ័យ

- Advertisement -

(ភ្នំពេញ)៖ ឆ្លើយតបតាមការសំណូមពរ និងតាមការសន្យាជាមួយបងប្អូនប្រជាពលរដ្ឋជិត៤០០គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភូមិព្រែកតាគង់១ ដោយការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌមានជ័យ។

ក្នុងពិធីជួបសំណេះសំណាល អភិបាលរាជធានីភ្នំពេញ បានទទួលយកសំណូមពរដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ៖

*ប្រទានកម្មដីជាកម្មសិទ្ឋិជូនប្រជាពលរដ្ឋ
*ស្ថបនាផ្លូវបេតុងចំនួន២ខ្សែ ដែលខ្សែទី១ ប្រវែង៧៨៦ម៉ែត្រ ទទឹង៦ម៉ែត្រ និងដាក់លូទំហំ០.៨ម៉ែត្រ សងខាងប្រវែង ២៦៦០ម៉ែត្រ និងខ្សែទី២ ប្រវែង១២០០ម៉ែត្រ ទទឹង៦ម៉ែត្រ
*តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន១ខ្សែ ប្រវែង១៣៣០ម ចាប់ពីផ្លូវលេខ៣៧១ ដល់ចុងភូមិ
*តបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់។

លោក ឃួង ស្រេង បញ្ជាក់ថា «ផ្លូវនៅក្នុងតំបន់នេះ យើងបានធ្វើជូនបានមួយកំណាត់រួចហើយដែរ ឥឡូវយើងបន្តស្ថាបនាជូនភ្ជាប់មួយខ្សែពេញបញ្ចប់តែម្តង និងដាក់លូអមសងខាងផ្លូវនេះ ព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវផងដែរ។ នេះគឺជាយុទ្ធស្ត្ររបស់រាជរដ្ឋាភិបាល ត្រូវស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អជូនប្រជាពលរដ្ឋ ក្នុងតំបន់របស់ខ្លួនកាន់កាប់»

លោក ឃួង ស្រេង បានថ្លែងថា «ដោយមើលឃើញពីភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះជាច្រើនដំណរមកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ តាមការសន្យារបស់សាលាក្រុងកាលពីពេលមុនបោះឆ្នោត»

លោកបញ្ជាក់ថា ការសន្យានោះគឺស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូប្រវែង១៣៣០ម៉ែត្រ ដោយឡែកថ្ងៃនេះ សាលាក្រុងជូនផ្លូវបេតុង១ខ្សែទៀត មានប្រវែង១២០០ម៉ែត្រ។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើប្រទានកម្មដីជិត៤០០គ្រួសារ ដើម្បីឲ្យពួកគាត់ មានកន្លែងសង់លំនៅដ្ឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។

ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋ៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ ដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅដ្ឋានរស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣។

ចំពោះការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាឲ្យបានរួចរាល់ នៅឆមាសទី២ នៃឆ្នាំ២០១៨នេះ។ លោកបន្តថា ផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។ ទាក់ទិនទៅនឹងការចំណាយ នៃការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ប្រាប់ថា ត្រូវចំណាយថវិការបស់សាលារាជធានីភ្នំពេញ ចំនួនប៉ុន្មាននោះទេ។

បន្ទាប់ពីចុះផ្តល់ផ្លូវ បង្គោលភ្លើង និងតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ រួចមក លោក ឃួង ស្រេង ក៏បានបន្តឈៀងចូលសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនអាជីវករ និងពិនិត្យការប្រកបរបររកស៊ីរបស់បងប្អូនអាជីវករក្នុងផ្សារទួលទំពូងផងដែរ។

ជាមួយសណ្តាប់ធ្នាប់ជុំវិញផ្សារ មានសភាពល្អប្រសើរនោះ លោកអភិបាលរាជធានី ក៏បានជំរុញមន្ត្រីជំនាញសាលាក្រុងចុះរៀបចំការ៉ូឡាតាមចិញ្ចើមថ្នល់ មុខផ្ទះប្រជាពលរដ្ឋជុំវិញផ្សារឲ្យមានសោភ័ណ្ឌល្អថែមទៀត៕

You might also like More from author