ទូរទស្សន៍ «Fresh News» ចុះកិច្ច​ព្រមព្រៀង​សហការ ជាមួយ​ក្រុមហ៊ុន «Super Canal» លំដាប់អន្តរជាតិ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មាន​ ទៅកាន់ទ្វីប​អាមេរិក

- Advertisement -

(ភ្នំពេញ)៖ បន្ទាប់ពីដំណើការនូវប្រតិបត្តិការអស់ជាច្រើនខែ នៅទីបំផុតបណ្តាញទូរទស្សន៍ Fresh News នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះកិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុន Super Canal លំដាប់អន្តរជាតិ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍ Fresh News ទៅកាន់ទ្វីបអាមេរិក តាមរយៈផ្កាយរណប ហ្វាយប៊ឺអុបទិច និងអ៉ិនធឺណេត។

លោក សុត សាវ៉ន នាយកគ្រប់គ្រងក្រុមហ៊ុន Suárez Cambodia បានពន្យល់ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស អាចរក្សាទំនាក់ទំនង ជារៀងរាល់ថ្ងៃជាមួយអ្វីដែលបានកើតឡើង និងអភិវឌ្ឍន៍នៅទឹកដីកំណើតរបស់គាត់។ លោក សាវ៉ន បានមានប្រសាសន៍ថា «បច្ចុប្បន្ន Suárez កំពុងចរចាកិច្ចព្រមព្រៀង ជាមួយបណ្តាញសំខាន់ៗចំនួនពីរផ្សេងទៀត ដើម្បីនាំចេញប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍នៅកម្ពុជាទៅពិភពលោក ដោយមើលឃើញពីសារៈសំខាន់ ដែលទស្សនិកជននៅទ្វីបអាមេរិក និងអឺរ៉ុបអាចមើលឃើញ និងស្វែងយល់ពីការផ្លាស់ប្តូរដែលប្រទេសកម្ពុជា កំពុងជួបប្រទះជាមួយសេដ្ឋកិច្ចរបស់ខ្លួន និងជាស្ថានភាពទូទៅដល់កំរិតរីកចំរើននាពេលបច្ចុប្បន្ន»

លោក លឹម ជាវុត្ថា ជាស្ថាបនិក និងជានាយកប្រតិបត្តិ បានថ្លែងឲ្យដឹងថា «អង្គភាព Fresh News ជាបណ្តាញព័ត៌មានឈានមុខមួយនៅកម្ពុជា ពិតជាមានក្តីសោមនស្សរីករាយ ដែលមានឱកាសសហការជាដៃគូជាមួយក្រុមហ៊ុន Suárez & Co ដើម្បីពង្រីកការផ្សព្វផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួន ទៅទូទាំងទ្វីបអាមេរិក ហើយសម្លឹងមើលឆ្ពោះទៅមុខដើម្បី បន្តពង្រីកទៅអឺរ៉ុប និងមជ្ឈឹមបូព៌ា»

កម្មវិធីព័ត៌មាន App Fresh News ត្រូវបានបង្កើតមុនគេនៅកម្ពុជា ក្នុងចំណោមកម្មវិធីព័ត៌មាននានា នៅលើទូរស័ព្ទដៃទំនើប ហើយ Fresh News បាននាំយកបច្ចេកវិទ្យាថ្មីសន្លាង មួយទៀត សម្រាប់ផ្ដល់ជូនទស្សនិកជនដែលនិយមតាមដានព័ត៌មានថ្មីៗនោះគឺ Fresh News TV ដែលមើលនៅលើទូរទស្សន៍ Smart TV ដែលកំពុងផ្សាយផ្ទាល់ព័ត៌មាន ពេញ២៤ម៉ោង លើ២៤ម៉ោង និងអាចមើលតាមរយៈ App Fresh News, Website។

អង្គភាពព័ត៌មាន Fresh News មាន Channel សំខាន់ៗចំនួន៦ដូចជា កម្មវិធីព័ត៌មាន App Fresh News (App) គេហទំព័រព័ត៌មាន (Website) វិទ្យុ Fresh News (Radio) ទូរទស្សន៍ព័ត៌មាន Fresh News (TV) បណ្ដាញទំនាក់ទំនងសង្គម (Facebook) និង (Youtube) ផងដែរ។

ក្រុមហ៊ុន Suárez & Co ដែលបានចរចាលើកិច្ចព្រមព្រៀងនេះ គឺជាក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិមួយ ដែលមានការិយាល័យនៅក្នុងរាជធានីភ្នំពេញ និងមានផ្ដល់ជូនសេវាផ្សេងៗជាច្រើន នៅក្នុងឧស្សាហកម្មមួយចំនួនធំរាប់បញ្ចូលទាំងសិទ្ធិក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការផលិតព័ត៌មាន៕

You might also like More from author