ព្រឹត្តិការណ៍ «៤០​គីឡូម៉ែត្រ​ទៅ​កាន់​ប្រវត្តិសាស្ដ្រ» របស់​ ស.ស.យ.ក ចាប់ផ្ដើម​ចេញ​ដំណើរ​ពី​​រាជធានី​ភ្នំពេញ​ហើយ នៅព្រឹកនេះ!

- Advertisement -

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញដំណើរពីរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានអ្នកចូលរួមប្រមាណ៧០០នាក់។

ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីបង្កើតបរិយាកាសស្និតស្នាល និងប្រកបដោយភារតភាព ដែលក្នុងនោះយុវជនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមានសកម្មភាពកសាងក្រុម (Team Building) ការដើររួមគ្នា ច្រៀងចម្រៀងរួមគ្នា ការចំអិនអាហាររួមគ្នា ការបោះជំរុំ ការដុតភ្លើងគប់ ការនិទានរឿង និងការបញ្ចេញសមត្ថភាព ទេពកោសល្យផ្ទាល់ខ្លួន ក៏ដូចជាការច្រៀង រាំកម្សាន្តផ្សេងៗ។

ព្រឹត្តិការណ៍នេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណ ស្រុកស្នួល ខេត្តក្រចេះ ដែលតាមគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងមានការចូលរួមពីសំណាក់យុវជន និងមហាជនប្រមាណ៥០០នាក់។

ដើម្បីធានាបាននូវការប្រព្រឹត្តទៅដោយរលូននៃព្រឹត្តិការណ៍ អ្នកចូលរួមទាំងអស់នឹងត្រូវបានបែងចែកជាក្រុម ហើយត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ (សម្រាប់បុរស) និង ២០ ឬ ៤០គីឡូម៉ែត្រសម្រាប់នារី។ តាមការកំណត់ ដំណើរនេះត្រូវចំណាយអស់ថិរវេលាប្រមាណ ២ថ្ងៃ ១យប់ និងមួយថ្ងៃទៀត សម្រាប់ការបោះជំរំនៅទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ៕

You might also like More from author