គ្រោង​រំកិល​ប្តូរទី​តាំងរូប​សំណាក់ នាងគង្ហីង ទៅទី​តាំងថ្មី​ដើម្បី​ពង្រីក​ផ្លូវប​ន្ថែម

(ភ្នំពេញ)៖ ដោយមើលឃើញពីបញ្ហាកកស្ទះចរាចរណ៍ ចំពោះអ្នកដំណើរលើផ្លូវទេពផន ឡើងទៅមហាវិថី ព្រះមុន្នីរ៉េត (ពីផ្លូវទេពផន បត់ស្តាំ) មានភាពចង្អៀត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាឡើងវិញ សម្រេច រំកិលប្តូរទីតាំងរូបសំណាក់ នាងគង្ហីង ទៅទីតាំងថ្មី ដើម្បីពង្រីកផ្លូវបន្ថែមសម្រួលដល់ការធ្វើដំណើរ របស់ប្រជា ពលរដ្ឋ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះ ពិនិត្យលើទីតាំង និងសិក្សាពីលទ្ធភាព លើការងាររំកិល រូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ដែលនៅក្បែរ ស្ពានឆ្លងថ្មើរជើង Olympia City ដើម្បីកែលម្អ ប្រព័ន្ធចរាចរឡើងវិញ ឲ្យដំណើរការរលូន និងអាចបញ្ជៀស ការកកស្ទះចរាចណ៍ សម្រាប់អ្នកដំណើរផងដែរ ។

ពាក់ព័ន្ធនឹងការរំលិករូបសំណាក់ នាងគង្ហីង ស្តុបនាងគង្ហីង ឲ្យបានល្អប្រសើរជាងមុន ក្រោមការណែនាំពី អភិបាលរាជធានីភ្នំពេញ ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ឲ្យដឹងថា ចំពោះទំហំរង្វង់អាងទឹក រក្សាទំហំដដែល ដោយឡែកសម្រាប់រូបសំណាក់នាងគង្ហីង នឹងមានការលើក កម្ពស់ ពី៥.៥ម៉ែត្រ ឡើងដល់៧.៥ម៉ែត្រ។

លោក សាំ ពិសិដ្ឋ បន្តថា បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងថ្មី ដែលត្រូវរំកិល រូបសំណាក់នាងគង្ហីង ហើយនោះ លោក ឃួង ស្រេង បានពិនិត្យទៅលើស្ពានឆ្លងថ្មើរជើង Olympia City ដែលជិតបញ្ចប់ការសាងសង និងពិនិត្យចំពោះប្រព័ន្ធចរាចរណ៍ ផ្លូវឆ្លងកាត់ និងចេញចូល ទៅកាន់ផ្សារទំនើប Olympia City ផងដែរ។

បន្ថែមពីនេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា នឹងមានការតំឡើងបង្គោលស្តុប នាងគង្ហីងមួយទៀត ឲ្យមាន លក្ខណៈសមស្រប ព្រមជាមួយការបំពាក់ប្រព័ន្ធភ្លើង តាមស្ពានថ្មើរជើង ដើម្បីសម្រួលចរាចរណ៍ ក៏ដូចជាបំភ្លឺ ភ្លើងឲ្យភ្លឺជាងមុន ដោយសារទីតាំងធំ មានភាពងងឹត៕

You might also like More from author