ក្មេងៗជិត​១៥០នាក់ នៅ​ភូមិ​ប៉ោយសំរោង ស្រុក​​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ពុល​ចំណី​អាហារ​​ត្រូវ​បាន​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ក្មេងៗចំនួន១៤២នាក់ រស់នៅចំណុចភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពុលចំណីអាហារ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយអន្ដរាគមន៍ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុក។

របាយការណ៍របស់បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ បានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់បានបញ្ជូនកាន់មន្ទីរពេទ្យ ហើយទទួលបានការសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ រហូតមកដល់ព្រឹកនេះ ក្មេងៗត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញចំនួន៩០នាក់ ដោយអាការៈធូរស្រាល នៅសល់៥២នាក់ ក្នុងនោះស្រី២៩នាក់ កំពុងសម្រាកព្យាបាលបន្ត។

របាយការណ៍ដដែលបន្ថែមថា ក្មេងដែលពុលអាចបណ្ដាលមកពីពុលជ្រក់នៅក្នុងបាយ ដែលជនជាតិកូរ៉េមួយក្រុម ចុះចែកកាលពីរសៀល ដោយក្នុងម្នាក់ទទួលបានបាយ០១កញ្ចប់ ទឹកសុទ្ធ០១ដប នៅពេលញ៉ាំរួចដល់ម៉ោងកើតហេតុខាងលើ ទើបមានអាការពុលតែម្ដង។

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់បន្ថែម ថា ជនជាតិកូរ៉េមួយក្រុមនេះ តែងតែចុះធ្វើសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាន ដូចជាជីកអណ្ដូងទឹក និងចែកបាយជាដើម ស្រាប់តែលើកនេះក៏មានអាការៈពុលតែម្ដង ដែលគេសង្ស័យថាអាចបណ្ដាលមកពីជ្រកនៅក្នុងបាយនោះ ខណៈដែលរាល់ដងមិនដែលមានហេតុការណ៍នេះកើតឡើងនោះទេ។

បើតាមលោកឧត្តមសេនីយ៍ មេបញ្ជាការ នៅពេលកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងរបស់លោក សហការជាមួយកម្លាំង អធិការស្រុកព្រះនេត្រព្រះ និងក្រុមគ្រូពេទ្យ ជួយសង្គ្រោះករណីនេះផងដែរ។ លោកថា អភិបាលស្រុក និងមន្ត្រីជាច្រើនទៀត បានចូលរួមយ៉ាងដុតដៃដុតជើងលើកករណីមួយនេះ៕
(ប្រភព៖ Fresh News)

You might also like More from author