តើនៅតាម​ច្រកទ្វារ​ព្រំដែន​មាន​ស្ថាប័ន​ណាខ្លះ ត្រូវ​បាន​ដាក់​ប្រចាំការ មុន​នាយក​រដ្ឋមន្ដ្រី​បញ្ជា​ឲ្យ​​ដកចេញ ទុក​តែ​នគរបាល​អន្ដោប្រវេសន៍ និង​មន្ដ្រីគយ?

(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ នៅតាមច្រកទ្វារព្រំដែនអន្ដរជាតិទូទាំងប្រទេស មន្ដ្រីដែលត្រូវដាក់ប្រចាំការស្របច្បាប់ គឺមានតែមន្ដ្រីនគរបាលអន្ដោប្រវេសន៍ និងមន្ដ្រីគយតែប៉ុណ្ណោះ ក្រៅពីនេះត្រូវបញ្ជាឲ្យដកចេញ។ នេះជាបទបញ្ជាផ្ទាល់មាត់របស់នាយករដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសចេញនៅចំពោះមុខអ្នកសារព័ត៌មានជិត៥,០០០នាក់ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងជំនួបប្រចាំលើកទី៣ រវាងនាយករដ្ឋមន្ដ្រី និងអ្នកកាសែតនៅកម្ពុជា។

ក្រោយបទបញ្ជានាយករដ្ឋមន្ដ្រីមជ្ឈដ្ឋានមួយចំនួនចង់ដឹងថា តើនៅតាមច្រកទ្វារព្រំដែននៅទូទាំងប្រទេស មានស្ថាប័នអ្វីខ្លះនៅប្រចាំការរួមគ្នានោះ?

យោងតាមការសាកសួរព័ត៌មាន ពីសមត្ថកិច្ចពាក់ព័ន្ធក្នុងនោះ មានទាំងមន្ដ្រីនគរបាលអន្ដោប្រវេសន៍ បានប្រាប់នៅព្រឹកថ្ងៃទី១២ ខែមករាឲ្យដឹងថា បច្ចុប្បន្ននេះក្រុមមន្ដ្រីដែលត្រូវបានដាក់ប្រចាំការ នៅតាមច្រកទ្វារព្រំដែនអន្ដរជាតិ រួមមាន៖

*ទី១៖ ប្រធានទីស្នាក់ការ (ជាមន្ដ្រីរបស់សាលាខេត្ដ) ជាប្រធាន
*ទី២៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជាអនុប្រធាន
*ទី៣៖ មន្រ្ដីគយ និងរដ្ឋាករ
*ទី៤៖ មន្ដ្រីកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម
*ទី៥៖ មន្ដ្រីយោធាទំនាក់ទំនងព្រំដែន នៃអគ្គបញ្ជាការ
*ទី៦៖ មន្ដ្រីចតាឡីស័ក (មន្ដ្រីពិនិត្យលើជំងឺឆ្លង) របស់មន្ទីរសុខាភិបាលខេត្ត នៃក្រសួងសុខាភិបាល
*ទី៧៖ មន្ដ្រីនគរបាលបង្ក្រាបគ្រឿងញៀនតាមព្រំដែន BOT ជាដើម។

មជ្ឈដ្ឋានទាំងនេះមានជំនឿមុតមាំថា ស្ថាប័នពាក់ព័ន្ធដែលត្រូវបាននាយករដ្ឋមន្ដ្រី បញ្ជាឲ្យដកចេញនោះ នឹងគោរពយ៉ាងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពអសកម្មមួយចំនួន និងឧបសគ្គទាំងឡាយ ដែលរំខានដល់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ប្រជាពលរដ្ឋ និងអ្នករកស៊ីនាំទំនិញឆ្លងកាត់ជាដើម។

នៅចំពោះមុខអ្នកសារព័ត៌មាន ប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងទាក់ទិនត្រង់ចំណុចនេះ យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចអម្បិញមិញ មាត់ច្រកនៅតាមមាត់ច្រក តាមព្រំដែនក្នុងការនាំចេញនាំចូល អត់មានតម្រូវស្ថាប័នណាក្រៅតែពី អន្ដោប្រវេសន៍ និងគយ មានតែ២នេះ ក្រៅពីនោះដកចេញឲ្យអស់ ទាំងអាកាំកុងត្រូល ទាំងស្អីដកចេញឲ្យអស់។ អាហ្នឹងវាកើតទៅជាឧបសគ្គ នៃការរារាំងការធ្វើពាណិជ្ជកម្មទៅវិញទេ។ ចឹងបើទុកវានាំតែខាតដដែល ឲ្យវាមកចេញមកទុកតែ ប៉ូលីសអន្ដោប្រវេសន៍ អាហ្នឹងវាត្រូវវៃត្រា និងគយបានហើយ»
(ប្រភព៖ Fresh News)

You might also like More from author