យប់​មិញ​មាន​គ្រោះ​អគ្គិភ័យ​កើត​ឡើង​២ករណី នៅ​រាជធានី​ភ្នំពេញ, ឆេះផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ខណ្ឌ​ទួលគោក និងឆេះ​រោងចក្រ​ផលិតម្ជុល​ក្នុង​ខណ្ឌពោធិ៍​សែនជ័យ (Video inside)

(ភ្នំពេញ)៖ គ្រោះអគ្គិភ័យពីរករណី នៅទីតាំងផ្សេងគ្នា ដោយករណីទី១ ឆេះផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក និងករណីទី២ ឆេះរោងចក្រផលិតម្ជុល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌពោធិសែនជ័យ។

* ករណីទី១ កើតឡើងនាវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៣១៤ នៅតាមណ្តោយផ្លូវលេខ១៨២ ក្រុម២២ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចពន្លត់អគ្គិភ័យបានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ តាំង ហ៊ុយមៀម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ (ចានឆ្នាំង) មូលហេតុ ឆ្លងចរន្តអគ្គីសនី។ ប្រភេទផ្ទះថ្មបេតុង ទំហំ០៤ម៉ែត្រ គុណ១៦ម៉ែត្រ ខូចខាត ឆេះជាន់ទី២ ទំហំ០៤ម៉ែត្រ គុណ០៨ម៉ែត្រ និងសម្ភារផ្ទះបាយ សម្រាប់លក់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។ ចំពោះករណីខាងលើនេះ មិនបណ្តាលឱ្យមនុស្សរបួសនោះទេ។

សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាក់ថា ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកពីការិយាល័យអគ្គិភ័យចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើង៧២ម៉ែត្រគូប, រថយន្តជំនួយរថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង០៨ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ជ្រោយចង្វាចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៤ឡាន ស្មើនឹង៣១ម៉ែត្រគូប។

* ករណីទី២ កើតឡើងនាវេលាម៉ោង១៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ ឆេះនៅក្នុងរោងចក្រផលិតផលិតម្ជុលគ្រប់ប្រភេទ មិកូដុ ខេមបូឌា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមណ្តោយផ្លូវជាតិលេខ៤ ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរេទះ ខណ្ឌពោធិ៍សែជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចពន្លត់អគ្គិភ័យបញ្ជាក់ថា រោងចក្រនេះមានប្រធានគ្រប់គ្រងឈ្មោះ ណា ប៉ិតានិ ភេទប្រុស អាយុ៥១ឆ្នាំ (ជនជាតិ ជប៉ុន) ហើយមូលហេតុនៃការឆាបឆេះ ដោយសារឆ្លងចរន្តអគ្គិសនី។ ចំពោះសម្ភារខូចខាតរួមមាន៖ ឆេះរោងចក្រផលិតម្ចុលគ្រប់ប្រភេទទំហំ៤០ម៉ែត្រ គុណ៤៥ម៉ែត្រ ចំនួន០១រោងចក្រ ដោយបំផ្លាញគ្រឿងម៉ាស៊ីនអស់ជាច្រើនគ្រឿង។

ហេតុការណ៍នេះដែរ ក៏មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសឡើយ គឺគ្រាន់តែខូចខាតសម្ភារមួយចំនួនធំប៉ុណ្ណោះ។ សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន២៦គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ស្មើនឹង២០៨ម៉ែត្រគូប, រថយន្តជំនួយកងពលតូចលេខ៧០ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ឡាន ស្មើនឹង៥០ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើនឹង៣០ម៉ែត្រគូប។ អគ្គិភ័យនេះត្រូវបានពន្លត់រលត់ ជាស្ថាពរនៅវេលាម៉ោង០៤៖៣០នាទីព្រឹក៕

You might also like More from author