ព័ត៌មានថ្មី : ប្រទះឃើញ​គ្រាប់បែកបង្កៃចោល នៅកាស៊ីណូហ្គោលឌែន នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ មានករណីប្រទះឃើញគ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែលបង្កៃចោលក្នុងកាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ ព័ត៌មាននៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។

សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍។

មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ។ នៅពេលនេះ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងរកដំណោះស្រាយ ដើម្បីដោះគ្រាប់បែកនេះចេញ៕

You might also like More from author