ប្រជាពលរដ្ឋនៅទីរួមខេត្តកោះកុង បន្ដអត់មានទឹកប្រើប្រាស់អស់រយៈពេលជិត១០ថ្ងៃហើយ
(កោះកុង)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលរស់នៅក្នុងទីរួមខេត្ត កោះកុង និងមួយផ្នែកនៅស្រុកមណ្ឌលសីមា កំពុងតែបន្ដជួបបញ្ហាអត់មានទឹកប្រើប្រាស់ អស់រយៈពេលជិត ១០ថ្ងៃមកហើយ ធ្វើឲ្យពួកគាត់ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុកទុកនៅក្នុងពាង ឬអាង។
ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីរួមខេត្តកោះកុងបានឲ្យដឹងថា ពួកគាត់អត់មានទឹកប្រើប្រាស់ពីរដ្ឋ អស់រយៈ ពេលជិត១០ថ្ងៃមកហើយ រហូតមកដល់ថ្ងៃនេះ ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ដោយបច្ចុប្បន្នត្រូវប្រើ ទឹកនៅក្នុងពាង ឬអាងដែលបានស្តុកទុក និងបានបូមកាលពីពេលកន្លងទៅ។ ការកង្វះខាតទឹកប្រើប្រាស់ អាចនឹងអូសបន្លាយរហូត ដល់មួយសប្តាហ៍ទៀតឯណោះ ដូច្នេះពួកគាត់សូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធព្រមទាំងរដ្ឋាករទឹក និងក្រុមហ៊ុនលីយ៉ុងផាត់ គ្រុប ដែលជាអ្នកផ្តត់ផ្តង់ទឹកនោះ មេត្តាពន្លឿន បញ្ហានេះ ចៀសអូសបន្លាយស្ថានភាពដ៏លំបាកនេះបន្តទៀត។
ចំពោះមូលហេតុអំពីករណីអត់មានទឹកប្រើប្រាស់ មិនទាន់មានការបញ្ជាក់ អំពីមូលហេតុច្បាស់លាស់ពីខាងមន្ទីរ ឧស្សាហ៍កម្ម និងសិប្បកម្មខេត្ត និងមន្ដ្រីជំនាញខេត្ត នៅឡើយនោះទេ ជុំវិញករណីនេះ។
សូមជម្រាបផងដែរថា កាលពីខែមុនករណីអត់មានទឹកប្រើប្រាស់នេះ ក៏មានការកើតឡើងរួចម្ដងមកហើយដែល ដោយកាលនោះប្រជាពលរដ្ឋអត់មានទឹកប្រើប្រាស់ អស់រយៈពេល១សប្តាហ៍ ដោយមូលហេតុទុយោមេនាំទឹក របស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបែកនាំឲ្យទឹកបានបែកធ្លាយ នៅតំបន់ជ្រោះតាប៉ន។
ដោយពេលនោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដាក់ចេញវិធានការដំណោះស្រាយ ជាបឋមនៅចំពោះមុខនោះ គឺអាចឲ្យសមត្ថកិច្ចដឹកទឹកចែកជូនប្រជាពលរដ្ឋសិនទំរាំ មន្រ្តីជំនាញ និងក្រុមហ៊ុនអាចទាញទឹកទៅចែកជូនបាន៕