មន្ដ្រី​ស៊ីម៉ាក់ និង​សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ បន្ដ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​​បរិវេណ​ឧក្រិដ្ឋជន​បង្កៃ​គ្រាប់បែក​

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ដ្រីស៊ីម៉ាក់ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវបន្ដនៅបរិវេណកាស៊ីណូហ្គោលឌែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីដែលក្រុមឧក្រិដ្ឋជនបង្កៃគ្រាប់បែកកំណត់ម៉ោងឲ្យផ្ទុះ នៅយប់ម្សិលមិញ។

តាមរបាយការណ៍ នៅពេលចុះពិនិត្យនេះ មន្ដ្រីជំនាញស៊ីម៉ាក់ និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្ដរកឃើញបំបែងមួយចំនួនផងដែរ ដែលជាតម្រុយដ៏សំខាន់ក្នុងការស្រាវជ្រាវលើករណីបង្កៃគ្រាប់នេះ។ យ៉ាងណាមិញ សម្រាប់លទ្ធផលជុំវិញការស្រាវជ្រាវនេះ ថាតើឈានដល់កម្រិតណានោះ មិនត្រូវបានសមត្ថកិច្ចណាម្នាក់បញ្ជាក់នៅឡើយទេ។

កាលពីព្រឹកមិញស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់ ថា
គ្រាប់បែកកែច្នៃមួយ ដោយមាននាឡិកាកំណត់ម៉ោងឲ្យផ្ទុះ ត្រូវបានឧក្រិដ្ឋជនយកទៅលាក់ទុកនៅក្នុងបន្ទប់ទឹកប្រុសជាន់ក្រោមនៃកាស៊ីណូ និងសណ្ឋាគារ «ហ្គោលឌែន» របស់លោកឧកញ៉ា កុក អាន នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែគ្រាប់បែកមិនបានផ្ទុះនោះឡើយ ដោយត្រូវគេប្រទះឃើញទាន់ រហូតមន្រ្តីស៊ីម៉ាក់ចុចបំផ្ទុះទាន់ពេលផងដែរ។

លោក បានថ្លែងបញ្ជាក់ថា «សមត្ថកិច្ចរបស់យើងកំពុងរួមសហការគ្នា ស្រាវជ្រាវករណីនេះ ដើម្បីតាមចាប់ជនល្មើសយកមកផ្ទន្ទាទោសតាមច្បាប់ ប៉ុន្តែយើងមិនអាចទាន់ បញ្ជាក់បន្ថែមនោះទេ ពីព្រោះជាការងារកំពុងស៊ើបអង្កេត»

បើតាមលោកស្នងការ មុនពេលប្រទះឃើញគ្រាប់បែកកែច្នៃនេះ មានបុរសជាភ្ញៀវម្នាក់បានចូលទៅក្នុងបន្ទប់ទឹក ស្រាប់តែពេលនោះបានឮសំឡេង។ ដោយមានការសង្ស័យក៏តាមរកមើល ហើយក៏ឃើញប្រអប់មួយ រួចយកទៅឲ្យអ្នកអនាម័យ ហើយអ្នកអនាម័យយកទៅឲ្យសន្តិសុខ។ បុរសសន្តិសុខ ក៏បានដឹងថាជាគ្រឿងផ្ទុះ ក៏យកទៅបោះចោលនៅមុខកាស៊ីណូ រួចប្តឹងទៅសមត្ថកិច្ច និងមន្រ្តីស៊ីម៉ាក់ ដើម្បីចុចបំផ្ទុះចោលតែម្តងចៀសវាងគ្រាប់បែកបានផ្ទុះមុន តាមពេលវេលាកំណត់។

ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ ខណៈដែលពលរដ្ឋ ជាពិសេសភ្ញៀវដែលកំពុងស្ថិតនៅក្នុងកាស៊ីណូ និងសណ្ឋាគារលំដាប់មួយនេះ ក៏ភ័យយ៉ាងខ្លាំងផងដែរ៕

You might also like More from author