អភិបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ឆ្នេរ​សមុទ្រ ដើម្បី​ជំរុញ​សកម្មភាព​អភិវឌ្ឍ​ឆ្នេរ ឲ្យមាន​សោភ័ណភាព

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីតាម មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត ចុះពិនិត្យស្ថានភាពទូទៅ នៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួន ក្នុង ក្រុងព្រះសីហនុ រួមមាន៖ នៅចុងឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងអាងច្រោះទឹកស្អុយជាដើម នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា តាមគោលការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គឺរដ្ឋបាលខេត្តព្រះសីហនុ នឹងជំរុញសកម្មភាពរៀបចំទាំងសោភ័ណភាព សណ្តាប់ធ្នាប់ និងបរិស្ថានអនាម័យ នៅតាមឆ្នេរសមុទ្រទាំងអស់ ឲ្យបានប្រសើរថែមទៀត សម្រាប់បម្រើដល់ វិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។

លោក យន្ត មីន បានបន្ថែមទៀតថា ចំពោះតំបន់ទ្រនាប់ ឬអូរ ប្រឡាយ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ ក៏នឹងត្រូវរៀបចំស្តារអភិវឌ្ឍព្រមៗគ្នាដែរ ដោយផ្តោតទៅការទប់ស្កាត់មិនឲ្យទឹកស្អុយ ឬទឹកកខ្វក់ហូរត្រង់ ចូលទៅសមុទ្រដូចពេលមុនទៀតទេ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាល់ថ្ងៃនេះ រដ្ឋបាលខេត្ត កំពុងស្ថាបនាប្រព័ន្ធអាងប្រព្រឹត្តកម្ម ចម្រោះ ទឹកកខ្វក់ចំនួន៤កន្លែង សម្រាប់ស្តុកទឹកកខ្វក់ ឬទឹកស្អុយ ដើម្បីច្រោះទឹកស្អុយឲ្យបានស្អាតជាមុនៗ នឹងបង្ហូរ ចូលទៅក្នុងសមុទ្រ៕

(ប្រភព Fresh News)

You might also like More from author