ភោជនីយដ្ឋាន «គ្រឿងហ្គាឌិន» ជាប់ជ័យលាភីរង្វាន់ពិសេសពីសម្ដេចតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍

(ភ្នំពេញ)៖ ភោជនីយដ្ឋាន «គ្រឿងហ្គាឌិន» ដែលមានលោក លូ ម៉េង ជានាយកប្រតិបត្ដិ បានជាប់ជ័យលាភីរង្វាន់ពិសេស ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍។

ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើង ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរ «ទិវាជាតិ ទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយស ផ្តល់ជូននូវជ័យលាភីរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៧ ឆ្នាំ២០១៨-២០១៩ ជូនដល់លោក លូ ម៉េង នាយកប្រតិបត្ដិ ភោជនីយដ្ឋាន «គ្រឿងហ្គាឌិន» ។

សូមជម្រាបថា ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែល អាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។ គ្រឿងហ្គាឌិន មានអាស័យដ្ឋានផ្ទះលេខ៤៦ ផ្លូវលេខ៣៥២ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

You might also like More from author