ក្នុងឆ្នាំ​២០១៨ កម្ពុជា​មាន​តម្រូវ​ការ​សាច់​សត្វ​ជាង​២៣ម៉ឺន​តោន ក្នុង​នោះ​នាំ​ចូល​សាច់​ជាង​៥ម៉ឺន​តោន !

(ភ្នំពេញ)៖ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។ លោក រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន បញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ កម្ពុជាមានតម្រូវការសាច់សត្វជាង២៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពល រដ្ឋសម្រាប់បរិភោគ ក្នុងនោះនាំចូលសាច់ពីបរទេសជាង៥ម៉ឺនតោន។

លោករដ្ឋមន្ត្រីបានថ្លែងថា «ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២២៤ពាន់តោននៅឆ្នាំ២០១៧ ដល់ ២៣១ ពាន់តោននៅឆ្នាំ២០១៨ កើនប្រមាណជាង ៣% ដែលធ្វើឲ្យការនាំ ចូលសាច់សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសថយចុះពី ៥៧ពាន់តោននៅឆ្នាំ២០១៧ មកត្រឹមតែ ៥៤ពាន់តោននៅ ឆ្នាំ២០១៨»

ក្រសួងបានជំរុញការអនុវត្តច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារ អនាម័យ លើផលិតផលសត្វ ការពង្រឹងនិងជំរុញអនុវត្តវិធានការអនាម័យសត្វ ដើម្បីបង្ការ ទប់ស្កាត់ និងលុប បំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។ ជាងនេះទៅទៀត ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យមនិងធំ ដើម្បី គាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែ ច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផល សត្វ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះ បានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុង ឆ្នាំ២០១៨នេះ ផលិតកម្មសត្វសម្រេចបានចំនួន ៤៤.៣លានក្បាល កើនឡើង៣.៦% ធៀបនឹងឆ្នាំ២០១៧។ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ធៀបនឹងឆ្នាំ២០១៧ ដែលក្នុងនោះផលិតកម្មបក្សីជា លក្ខណៈពាណិជ្ជកម្ម មានការកើនឡើងចំនួន២១.៣% ដោយអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹម តាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់៕

You might also like More from author