មន្រ្តី​ជំនាញ​បង្ក្រាប​ជ្រូក​នាំចូល​ពីវៀតណាម តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែដែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង

(ស្វាយរៀង)៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរក សិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើការ ឃាត់រថយន្តកូរ៉េមួយគ្រឿង មានជ្រូក១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាម មកទឹកដីកម្ពុជាតាមច្រកទ្វាតំបន់ព្រំដែនខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូល ទៅទឹកដីខេត្តព្រៃវែង។

បើតាមអ្នកបើករថយន្តដឹកជ្រូក ដែលត្រូវសមត្ថកិជំនាញ់ឃាត់បាននោះ បានប្រាប់ឲ្យដឹងថា គាត់មិនមែនជាម្ចាស់ ជ្រូកទេ គ្រាន់តែរកស៊ីដឹកជ្រូកឲ្យគេប៉ុណ្ណោះ ដោយក្នុងមួយក្បាលឈ្នួល ដឹក៣ម៉ឺនរៀល ហើយម្ចាស់នៅស្រុក មេសាង ខេត្តព្រៃវែង មានឈ្មោះ រ៉ា និងឈ្មោះ សៅ។ មានរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ចូលដឹកជ្រូករស់ តាមច្រកទ្វាតំបន់ព្រំដែនខ្សែដែកនេះ ដោយបង់លុយឲ្យខាងនគរបាលឈរជើងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ក្នុងមួយរថយន្ត៣ម៉ឺនរៀល និងទាហាន២ម៉ឺនរៀល ក្រៅពីនេះគ្មានបង់ទៀតទេ។

ពាក់ព័ន្ធនិងករណីនាំជ្រូកចូលពីប្រទេសជិតខាងនេះបើតាម លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ថា សមត្ថកិច្ចជំនាញរបស់លោក បានធ្វើការឃាត់រថយន្តដឹកសត្វជ្រូក រស់ចំនួន១៨ក្បាល យកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអនុវត្តបច្ចេកទេស បូមឈាមជ្រូក ទាំងអស់នោះ យកទៅពិសោធនៅរាជធានីភ្នំពេញ។លោកប្រធានមន្ទីរបានបន្តទៀតថា បើបូមឈាមសត្វជ្រូក ទាំងនោះ យកទៅពិសោធហើយរកឃើញថា មានជំងឺនោះត្រូវតែយកកប់ចោលតែម្តង តែបើគ្មានជំងឺគឺធ្វើការ ផាកពិន័យតាមផ្លូវច្បាប់។

លោក ថាច់ រតនា បានបញ្ជាក់បន្ថែមទៀតថា បើតាមគោលការណ៍របស់ក្រសួងកសិកម្ម គឺបិទទាំងស្រុងមិន អនុញ្ញាតឲ្យនាំសត្វជ្រូកចូលមកប្រទេសកម្ពុជាទៀតទេ ដោយសារប្រទេសវៀតណាម កំពុងតែផ្ទុះជំងឺដ៏កាច សាហាវ នៅលើសត្វជ្រូក និងអាចឆ្លងមកមនុស្ស។

ដោយឡែកពាក់ព័ន្ធករណីខាងលើនេះ លោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានប្រាប់តាមទូរស័ព្ទ ថា ពុំមានការដឹកជ្រូកតាមច្រកលោកនោះទេ មិនដឹងចាប់នៅណាផង ហើយលោកក៏គ្មានសិទ្ធិបើកឲ្យជ្រូក ចូលដែរ។ លោកបានបន្តទៀតថា លោកមិនបានដឹងទេ ព្រោះប៉ុស្តិ៍គ្មានទំនិញឆ្លងកាត់ទេ បើចង់ដឹងមកចាំ មើលទៅក៏បានដែរ ហើយគេរាយការណ៍ចឹង មានតែលោកឡើងប្រឈមជាមួយ លោកស្នងការហើយ៕

You might also like More from author