ក្រសួង​វប្បធម៌ រៀប​ចំសិក្ខា​សាលា​ស្ដីពី តួនាទី​ភារកិច្ច និង​លក្ខណៈ​សម្បត្តិ​អ្នក​សម្រប​សម្រួល ការ​ផលិត​ភាពយន្ដ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាមួយស្ដីពី តួនាទីភារកិច្ច និងលក្ខណៈសម្បត្តិ របស់អ្នកសម្របសម្រួលការផលិតភាពយន្ដ។ សិក្ខាសាលានេះរៀបចំឡើង ដោយមានការចូលរួមពីលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អ្នកសម្របសម្រួលការថតភាពយន្ដ, ផលិតករ និងអ្នក សម្ដែងជាច្រើនរូបទៀតផង។

លោក ជៀប សុវិជ្ជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងទទួលការថតនៅកម្ពុជា បានឲ្យដឹងថា ការបង្កើតឲ្យ មានអ្នកសម្របសម្រួលការផលិតភាពយន្ដ គោលបំណងដើម្បីសម្របសម្រួល ធ្វើយ៉ាងណាឲ្យទាក់ទាញ ក្នុងការ ថតខ្សែភាពយន្ដ និងមានភាពងាយស្រួលក្នុងការផលិតភាពយន្ដបរទេសនៅកម្ពុជា។

លោក ស៊ិន ចន្ទសាយ៉ា ឲ្យដឹងថា កត្តាដែលនាំឲ្យអ្នកសម្របសម្រួលអ្នកផលិតភាពយន្ដ ដើម្បីផ្ដល់ងាយស្រួល ក្នុងការផលិតភាពយន្ដមិនថា ភាពយន្ដក្នុងស្រុក ឬបរទេសឡើយ។ ជាក់ស្ដែងកន្លងមកកម្ពុជា បានធ្វើការថត ភាពយន្ដជាមួយបរទេស មិនទាន់មានក្របខណ្ឌច្បាស់លាស់នៅឡើយទេ។ ក្រសួងវប្បធម៌ក៏បានកំណត់ថា ការថតភាពយន្ដបរទេសនៅកម្ពុជា ត្រូវពិនិត្រលើទំហំ ហើយត្រូវតែមានអ្នកសម្របសម្រួល ការផលិតជា ចាំបាច់។

លោកបន្ថែមថា ជាក់ស្ដែងអ្នកផលិតភាពយន្ដត្រូវមានលក្ខណៈសម្បត្តិដូចជា៖ ជាពលរដ្ឋខ្មែរ មានអាយុចាប់ ពី១៨ឆ្នាំឡើងទៅ មានចំណេះដឹងបរទេសច្បាស់លាស់, ជារូបវន្ដបុគ្គ ឬនីតិបុគ្គល នៃផលិតកម្មភាពយន្ដ ឬក្រុម ហ៊ុនដែលទទួលបានការអនុញ្ញតឲ្យប្រកបអាជីវកម្ម ផលិតស្នាដៃភាពយន្ដពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ជាបុគ្គលដែលយល់ដឹងពីច្បាប់ បទដ្ឋានគិតយុទ្តនានាពាក់ព័ន្ធនឹងឧស្សហកម្មភាពយន្ដ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ទៀតនៃប្រទេសកម្ពុជា។

លោកបញ្ជាក់ថា អ្នកសម្របសម្រួលការផលិតភាពយន្ដ ត្រូវមានតួនាទី និងភារកិច្ចដូចជា៖

*ទី១៖ ចុះហត្ថលេខាលើពាក្យស្នើសុំថតភាពយន្ដជាមួយតំណាងផលិតកម្ម ឬផលិតករភាពយន្ដបរទេស។
*ទី២៖ ត្រូវមកបំភ្លឺ ឬផ្ដល់ឯកសារចាំបាច់ផ្សេងៗក្នុងករណីដែលឯកសារស្នើសុំថត ដែលបានដាក់មានភាពមិនច្បាស់លាស់។
*ទី៣៖ ពន្យល់ណែនាំដល់ផលិតករ ឬតំណាងផលិតកម្មជាអ្នកទទួលការអនុញ្ញាត និងក្រុមផលិតឲ្យយល់ដឹងពីច្បាប់បទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងការថតភាពយន្ដនៅកម្ពុជា។
*ទី៤៖ ទំនាក់ទំនង និងធ្វើការសម្របសម្រួល ជាមួយស្ថាប័ន ឬអង្គភាពពាក់ព័ន្ធពិសេសទីតាំងថត ទាំងពេលមុនថត ពេលកំពុងថត និងពេលថតរួច។
*ទី៥៖ ក្នុងអំឡុងពេលថត អ្នកសម្របសម្រួលរួមជាមួយផលិតករតំណាង ផលិតកម្មភាពយន្ដត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ កាតអត្ថបទសាច់រឿង និងសេចក្ដីលម្អិតផ្សេងៗ។
*ទី៦៖ អ្នកសម្របសម្រួលត្រូវរាយការណ៍មកលេខាធិកាដ្ឋានរបស់ គ.ស.ផ។

សូមជម្រាបថា អ្នកសម្របសម្រួលភាពយន្ដត្រូវមានអាជ្ញាបណ្ណវិជ្ជាជីវៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបែបបទ និងនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណវិជ្ជាជីវៈត្រូវកំណត់ដោយ ប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

You might also like More from author