សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​រុករក​រ៉ែមាស និង​ត្បូង​ខុស​ច្បាប់​៣កន្លែង, ដកហូត​សម្ភារ​មួយ​ចំនួន​នៅស្រុក​លំផាត់

(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយ មន្ទីររ៉ែ និងថាមពលខេត្ត, កម្លាំងនគរបាលស្រុកលំផាត់ ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តរតនគិរី បានចុះបង្រ្កាបទីតាំងរ៉ែខុសច្បាប់នៅចំណុចចំការចន្ទី និងកៅស៊ូ ចំនួន៣កន្លែងខុសគ្នា នៅ ចំណុចភូមិចាងរាឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោក បានដកហូតសំភារៈរួមមាន៖ ម៉ូតូ៩គ្រឿង សំរាប់វ៉ៃអាចម៌ត្បូង៥តង់ និងឧបករណ៍សំរាប់យកត្បូងមួយចំនួនទៀត យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលអូរស៊ិនលែរ។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា បានបន្តថា កម្លាំងជំនាញរបស់លោក នឹងចុះស្រាវជ្រាវនៅតំបន់ផ្សេងទៀត ក្រោមការបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

ប្រភពព័ត៌មានផ្សេងទៀត បានលួចបង្ហើបថា ក្រុមជីកត្បូងនេះ មានថៅកែនៅពីក្រោយ ជាអ្នកឧបត្ថម្ភលុយ, សម្ភារជីកត្បូងជាដើម ប៉ុន្តែពេលជីកបានត្រូវតែលក់ឲ្យគេ (ថៅកែត្បូង) ហើយការជីកត្បូងនេះ កន្លងមកជួបគ្រោះ ថ្នាក់បាត់បង់ជីវិត ជាច្រើននាក់ផងដែ៕

(ប្រភព Fresh News)

You might also like More from author