ជំនួប​ទ្វេភាគី​រវាង សម្តេច​តេជោ ហ៊ុន សែន និងប្រធានា​ធិបតី​កូរ៉េ បាន​ចាប់ផ្តើម​ហើយ​នៅ​វិមាន​សន្តិភាព

(ភ្នំពេញ)៖ ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចាប់ផ្តើមហើយ នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងជំនួបទ្វេភាគីនេះ លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផល ប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ត្រូវបានរំពឹងថានឹងអញ្ជើញថ្លែង សុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ៕

You might also like More from author