ប្រជា​ពលរដ្ឋទៅ​​លេង សមុទ្រ ប្រយ័ត្ន​ក្នុងការ​ទិញ​អាហារ​​សមុទ្រ​​ស្រស់

(ភ្នំពេញ)៖ តាមការកត់សម្គាល់ឃើញថា នៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រស្រស់ៗ និងអាហារងៀតមួយចំនួនដោយបានរកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ និងមានចាក់ចាហ៊ួយចូលទៅក្នុងបង្គាស្រស់ជាដើម។ ភាពមិនប្រក្រតីទាំងនេះ ត្រូវបានអាជីវករ ដាក់លក់នៅតាមផ្សារមួយចំនួន ជាពិសេសផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យគ្រឿងសមុទ្រទាំងនោះ មើលឃើញស្រស់ ទុកលក់បានយូរ ឬដើម្បីបន្លំភ្នែកជញ្ជីង អតិថិជនជាដើម។

ផ្តើមពីបញ្ហានេះក្នុងឱកាស ចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញគ្រៀងសមុទ្រគ្រប់ប្រភេទ ជាពិសេសគ្រឿងសមុទ្រស្រស់រួមមាន៖ បង្គា ក្តាម មឹក និង ត្រី សាច់ផ្សេងៗ ត្រូវពិនិត្យឲ្យបានត្រឹមត្រូវ ព្រោះនៅរដូវបុណ្យជាតិធំៗចូលមកដល់ម្តងៗ តែងមានអាជីវករមួយចំនួន បានឆ្លៀតឱកាសលួចនាំចូលគ្រឿងសមុទ្រស្រស់ ឬអ្នកលក់ខ្លះ បានលួចដាក់សារធាតុគីមី និង ចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះ ដើម្បីស្តុកទុកលក់បានយូរថ្ងៃ ឬឲ្យមើលឃើញស្រស់ជានិច្ច និងមានអាជីវករខ្លះទៀត បានចាក់ចាហ៊ួយចូលទៅក្នុងគ្រឿងសមុទ្រស្រស់ទាំងនោះថែមទៀតផង។

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងគណៈកម្មការផ្សារលើក្រុងព្រះសីហនុ បានចុះ ត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារលើ និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការចុះត្រួតពិនិត្យគុណភាពចំណីអាហារខាងលើនេះ មន្ត្រីកាំកុងត្រូល បានវិភាគបឋម រកសារធាតុ គីមីហាមឃាត់ទៅលើផលិតផលម្ហូបអាហារមួយចំនួនមានដូចជា៖ មឹក បង្គា ត្រីប្រឡាក់ សាច់ក្រក បបែលងៀត ងៀតមឹក ជ្រក់ស្ពៃ និងសណ្តែកបណ្តុះជាដើម ដែលអាជីវករដាក់លក់នៅលើផ្សារទាំងពីរ។

បន្ថែមលើនេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានបន្តចុះណែនាំដល់អាជីវករនៅតាមតូបលក់ដូរ នៅផ្សារលើ និងផ្សាពាណិជ្ជកម្មឲ្យបានយល់ដឹងពីច្បាប់ចំណីអាហារ និងត្រូវចូលរួមអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ហើយអាចប្រឈមចំពោះមុខច្បាប់ធ្ងន់ធ្ងរថែមទៀតផង។

ទាក់ទិនបញ្ហានេះ សម្រាប់អាជីវករលក់ដូរទំនិញ និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារលើ បានឲ្យដឹងដែរថា ផ្សារនេះពិតជាមានអាជីវករខ្លះ បានដាក់លក់គ្រឿងសមុទ្រស្រស់លួចដាក់សារធាតុគីមី ដើម្បីឲ្យគ្រឿងសមុទ្រទាំងនោះ ស្តុកទុកលក់បានយូរថ្ងៃ និងមើលឃើញស្រស់ជានិច្ច។ ក្នុងនោះ ក៏ឃើញមានអាជីវករខ្លះទៀត បានចាក់ចាហ៊ួយចូលទៅក្នុងបង្គាស្រស់ជាដើម ដើម្បីឲ្យមានទម្ងន់ធ្ងរ ឬទុកលក់បានយូរ ដើម្បីបន្លំភ្នែកជញ្ជីងអតិថិជន។

ជាងនេះទៀត នៅពេលអាជីវករដែលមានគំនិតមិនល្អទាំងនោះ បានឃើញវត្តមានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ចុះមកពិនិត្យគុណភាពចំណីអាហារក្នុងផ្សារលើម្តងៗ គឺក្រុមអាជីវករខិលខូចមួយចំនួនតែងបាននាំយកគ្រឿងសមុទ្រស្រស់ ដែលមានភាពមិនប្រក្រតីទាំងនោះ យកទៅទុកនៅទីតាំងផ្សេង ឬជម្លៀសចេញយ៉ាងប្រញាប់ ទៅទុកនៅទីតាំងផ្សេងគេចពីមន្ត្រីជំនាញ បន្ទាប់មកក៏នាំចេញមកមកលក់នៅលើទីផ្សារដដែល ពេលមន្ត្រីជំនាញចាកចេញផុត៕

You might also like More from author