ជំនឿនៃពីធី​​ស្រង់ព្រះ ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ

(ភ្នំពេញ)៖ ជាការពិត ពិធីបុណ្យចូលឆ្នាំ ជាប្រពៃណីជាតិយើង តែងតែធ្វើជារៀងរាល់ឆ្នាំ នៅក្នុងខែចេត្រ ព្រោះខែនេះ គឺជាពេលវេលាមួយ ដែលប្រជាកសិករខ្មែរ ប្រមូលផលស្រូវរួចរាល់ និងមានពេលទំនេរ មានឱកាស ដើម្បីធ្វើបុណ្យទានតាមធនធានដែលខ្លួនមាន។ ក្នុងថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ប្រជាពលរដ្ឋខ្មែរ បានរៀបចំគ្រឿងរណ្ដាប់សែន តុបតែងផ្ទះឱ្យមានសិរីសួស្តី ដើម្បីទទួលទេវតាឆ្មាំថ្មី ព្រមទាំងរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងមានលេងល្បែង ប្រជាប្រិយខ្មែរជាច្រើនទម្រង់ ទៀតផងដែរ។ យ៉ាងណាមិញ មានពិធីមួយដ៏មានសារៈសំខាន់ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលយើងតែងតែប្រារព្ធ តាំងពីយូរលង់ណាស់មកហើយនោះ គឺពិធីស្រង់ព្រះ។ ខាងក្រោមនេះ គឺជាខ្លឹមសារ និងដើមកំណើតនៃពិធីស្រង់ព្រះ៖

ពិធីស្រង់ព្រះ បង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលដើមចម នៃការប្រារព្ធពិធីស្រង់ព្រះ គឺដើម្បីទទួលបានសេចក្តីសុខ សេចក្តីចម្រើន តាមរយៈការលើកតម្កើងព្រះពុទ្ធរូប អ្នកមានគុណ មាន មាតា បិតា ជីដូន ជីតា ។ល។ បើតាមគម្ពីរជាតក បាននិទានថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតា បិតា គ្រូ ឧបជ្ឍាហ៍ មានអានិសង្សច្រើនណាស់ អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកបានសេចក្តីសុខគ្រប់យ៉ាង។

កាលពីដើមឡើយ ក្នុងរាជកាលព្រះបាទជយវ័រ្មនទី៧ ពេលចូលឆ្នាំថ្មីម្តងៗ គេតែងតែធ្វើពិធី ដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធានុភាព២៥អង្គ ដែលតំណាងអាណាខេត្តទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា មកធ្វើជាពិធីស្រង់ទឹកនៅប្រាសាទ ជ័យស្រី (ប្រាសាទព្រះខ័ន) រួចដង្ហែព្រះពុទ្ធរូបទាំងនោះជាក្បួនយ៉ាងមហោឡោរិក មុននឹងយកទៅតម្កល់នៅកន្លែងដើមវិញ។ ដោយមានជំនឿ និងមានទំនៀមទម្លាប់របស់ដូនតាយើង ដូចពោលខាងលើនេះហើយ ទើបមានទម្លាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃ ហើយនៅពេលចូលឆ្នាំម្តងៗ ប្រជាជនខ្មែរតែងតែធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្តអារាម និងតាមភូមិស្រុករហូតរៀងមក។

បើតាមទំនៀមទម្លាប់ពីដើមមក នៅពេលធ្វើពិធីស្រង់ទឹក ប្រជាពលរដ្ឋខ្មែរ បានធ្វើតាមវិធីមួយ ដូចជាកូនចៅស្រង់ទឹកជូន មាតាបិតា ជីដូនជីតា។ល។ ក្នុងនោះផងដែរ កូនចៅគប្បីរៀបចំកន្លែង មានគ្រែចងជាបុស្បុក មានពាងទឹក៤តាមចែងគ្រែ រួចកូនចៅលុតជង្គង់ សូមខមាទោស មាតាបិតាជីដូនជីតា អំពីកំហុសខុសឆ្គង ដែលកូនចៅបានធ្វើខុសកន្លងមក ជាសម្តីក្តី ការឆ្លោះទាស់ទែងក្តី ដែលធ្វើឱ្យមាតាបិតាជីដូនជីតា ព្រួយបារម្ភ និងសូមពរជ័យពីគាត់។

បន្ទាប់មកថ្វាយបង្គំគាត់ (មាតាបិតាជីដូនជីតា) សុំអញ្ជើញទៅស្រង់ទឹក និងអញ្ជើញគាត់ផ្លាស់សម្លៀកបំពាក់ថ្មីៗ ដែលកូនចៅ បានជូនទៅគាត់នោះ។ រីឯពិធីស្រង់ព្រះ និងភិក្ខុសង្ឃ លោកអាំចារ្យណែនាំ ធ្វើតាមធម្មតា ដែលធ្លាប់ធ្វើ៕

You might also like More from author