ទូតកម្ពុជា​​នៅ​​ប្រទេស​​ជប៉ុន រៀបចំ​ពិធី​​អបអរ​សាទរ​​បុណ្យ​ចូល​​ឆ្នាំ​​ថ្មី​​ប្រពៃណី​​ជាតិ​ខ្មែរ នៅ​​ប្រទេស​​ជប៉ុន

(ជប៉ុន)៖ ដើម្បីអបអរសាទរដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២-២៥៦៣នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីប្រោះព្រំ សុំសិរីសួស្តី ជ័យមង្គល នៅស្ថានទូតក្នុងប្រទេសជប៉ុន។

សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យនិមន្តមកកាន់ប្រទេសជប៉ុនចំនួន០៤ថ្ងៃ ដើម្បីប្រោះព្រំផ្តល់សិរីសួស្តី ជ័យមង្គល ដល់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនខ្មែរនៅប្រទេសជប៉ុន ដែលមានចំនួនជាង៣៥០នាក់ ក្នុងនោះកម្មសិក្សាការីចំនួនជិត១០០នាក់។

លោក Minoru KIUCHI អគ្គលេខាធិការសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន និងភរិយា លោក Shigeki TAKIZAKI អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងមិត្តភក្តិជប៉ុនជាច្រើននាក់ទៀត ក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ។

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថានទូតក៏បាននិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ ប្រោះព្រំផ្តល់សិរីសួស្តី ជ័យមង្គល ដល់បងប្អូនសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី នៅវត្តខ្មែរចំនួន២ គឺវត្តបារមីគីរីខេមរាភ្នំបិតាធំ និងវត្តខ្មែរសាមគ្គី ផងដែរ៕

You might also like More from author