ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២នាក់ និង​គ្រឿងចក្រ​៦គ្រឿង ដែល​ចូល​ដី​ខ្មែរ​ខុស​ច្បាប់

(រតនគិរី)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាម ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង នៅក្រុមហ៊ុននុភាពសុភី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ប្រាប់ឲ្យដឹងថា តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ថង សាវុន អភិបាលខេត្ត កម្លាំងរបស់លោកបានចុះឃាត់ខ្លួនជាក់ស្តែងនៅទីតាំងខាងលើតែម្តង។ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជនជាតិវៀតណាម ទាំង១២នាក់ ឲ្យទៅខាងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។

ដោយឡែកគ្រឿងចក្រចំនួន ៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី កំពុងគ្រប់គ្រងនៅក្នុងបរិវេណក្រុមហ៊ុននុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ រតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងទៀតថា ជនជាតិវៀតណាមទាំង ១២នាក់នេះ បានចូលមកដោយខុសច្បាប់ តាមច្រកព្រៃបង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ៥០៥ (ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុននុភាពសុភី និងវៀតណាមឈ្មោះ VO NGU YEVSA។

ទាក់ទិនទៅនឹងករណីឃាត់ខ្លួនជនជាតិវៀតណាម និងគ្រឿងចក្រខាងលើនេះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានប្រាប់ភ្នាក់ងារ Fresh Newsថា ខាងជំនាញកំពុងរកអ្នកបកប្រែ ដើម្បីសាកសួរធ្វើកំណត់ហេតុ តើមានច្បាប់អនុញ្ញាតឲ្យចូលដីខ្មែរដែរឬអត់? ចំណែកគ្រឿងចក្រ ក៏លោកបានអញ្ជើញខាងសាខាគយមកត្រួតពិនិត្យផងដែរ៕
(ប្រភព៖ Fresh News)

You might also like More from author