សម័យ​​សន្តិភាព​គ្មាន​ការ​បំផ្លាញ​ដូចសម័យ​ខ្មែរក្រហម​ឡើយ មាន​តែរួម​គ្នាទាំង​អាណាចក្រ និង​សាសនា

(ព្រះសីហនុ)៖ ក្នុងឱកាសសម្ពោធសមិទ្ធផលមួយចំនួនក្នុងវត្តពោធិ៍អណ្ដែត ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាក្នុងសម័យសន្តិភាពនេះ គ្មានការ បំផ្លិចបំផ្លាញដូចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះឡើយ គឺមានតែរួមគ្នាកសាងទាំងអាណាចក្រ និងសាសនា។

លោកបានបញ្ជាក់ថា ក្នុងពេលសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ សាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ រីឯសាសនិកទាំងឡាយក៏មិនអាចប្រតិបត្តិសាសនារបស់ខ្លួនបាន ពីព្រោះតែការកាប់សម្លាប់យ៉ាងព្រៃ ផ្សៃយ៉ងឃ្នង ពីសំណាក់ពួកអាវខ្មៅខ្មែរក្រហម។

ក្រៅពីខិតខំអភិវឌ្ឍវិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍវិស័យសាសនា ឱ្យមានសុខដុម រមណីនឹងគ្នាផងដែរ ពិសេសព្រះពុទ្ធសាសនាមានការរីកចម្រើនជាងមុន ក្នុងនោះគេឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិ ហេដ្ឋារចនាសម្ពន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។ តួយ៉ាងដូចនៅវត្តពោធិ៍ អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះដូច្នេះដែរ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា បច្ចុប្បន្ន ប្រជាពុទ្ធបរិស័ទកាន់តែមានធនធានច្រើនទៅៗ សម្រាប់ជួយទំនុក បម្រុងព្រះពុទ្ធសាសនា កសាងវត្តអារាម ទំនុកបម្រុងព្រះសង្ឃក្នុងវត្ត និងធ្វើការងារសប្បុរសធម៌នានា ប្រកប ដោយការសាមគ្គីយ៉ាងជិតស្និទ្ធ។

ខណៈដែលថ្មីៗនេះ ស្រុកព្រៃនប់កើតមានការតវ៉ារឿងដីធ្លីនោះ លោក ហ៊ុន ម៉ាណែត ក្នុងនាមតំណាងសម្ដេច តេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ ពីព្រោះវាមិន ចំណេញឡើយសម្រាប់ប្រទេសជាតិ ពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ឱ្យមានការជឿនលឿនទៅមុខ។

ជាមួយគ្នានោះ លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ត្រូវចាត់ទុក ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។

សូមជម្រាបថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅវត្តពោធិ៍អណ្ដែតនេះ រួមមាន៖ មហាកុដិ កម្ពស់២ជាន់ ផ្លូវបេតុងមួយខ្សែប្រវែង ២៧០ម៉ែត្រ ព្រះពុទ្ធបដិមាក្រោមដើមពោធិ៍ចំនួន ៤អង្គ រោងទទួលភ្ញៀវ ចំនួន១ ខ្ចុះចំនួន២ ស្រះទឹកចំនួន១ និងឆាយដីពង្រាបទីធ្លារស្រះទឹកនេះ បង្គោលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ (សូឡា) និងដងទង់មួយចំនួនក្នុងវត្ត សរុបថវិកាកសាងចំនួន ១៥៥,៩៧៩ដុល្លារអាមេរិក៕

You might also like More from author