មន្ដ្រីយោធា​ផ្កាយ១ និង​ប្រពន្ធ ត្រូវ​បញ្ជូន​ទៅ​តុលាការ​យោធា​ពី​​បទ​បោក​លុយ​ពលរដ្ឋ​រាប់ម៉ឺន​ដុល្លារ រឿង​រត់​ការ​ចូល​បម្រើ​ការងារ​រដ្ឋ

(ភ្នំពេញ)៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងប្រាប់នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ មន្រ្តីយោធាផ្កាយ១ និងស្រ្តីជាប្រពន្ធ ត្រូវបានបញ្ជូនទៅកាន់តុលាការយោធា ដើម្បីចាត់ការបន្តទៀត ពាក់ព័ន្ធបោកលុយពលរដ្ឋរាប់ម៉ឺនដុល្លារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ រឿងរត់ការចូលបម្រើការងាររដ្ឋ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា «យើងបានបញ្ជូនពួកគេទាំង២នាក់ ទៅកាន់តុលាការយោធាហើយ ដើម្បីចាត់ការបន្តទៀត។ ការបញ្ជូនទៅកាន់តុលាការយោធា»

សូមបញ្ជាក់ថា លោក ឃួន សុវណ្ណ ជាមន្រ្តីយោធាផ្កាយ១ មានតួនាទីជានាយករងអធិការដ្ឋាន នៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស តាមចាប់ខ្លួន ហើយពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយប្ដឹងចោទប្រកាន់បោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ អាចចូលបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។

យោងតាមរបាយការណ៍ដែល ទទួលបានប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី ១,៥០០ដុល្លារ រហូតដល់ជាង ៦,០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើជានគរបាល ជាទាហាន ជាអាវុធហត្ថ និងគ្រូបង្រៀនជាដើម។ បើទោះបីទំហំទឹកប្រាក់មិនទាន់អាចបញ្ជាក់ពិតប្រាកដ ប៉ុន្ដែចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារ ដែលពួកគេបានបោកប្រាស់ពីប្រជាពលរដ្ឋ។ និងតាមព័ត៌មានប្រជាពលរដ្ឋដែលរងគ្រោះនោះ ខ្លះបានលក់គោក្របី និងដីស្រែចំការ ដើម្បីយកលុយទៅឲ្យពួកគេទាំងពីរនាក់ប្ដីប្រពន្ធ រត់ការចូលបម្រើការងាររដ្ឋ ប៉ុន្ដែនៅទីបំផុតម្នាក់ៗ មិនទទួលបានលទ្ធផលនោះឡើយ៕

You might also like More from author