ស្ថានទូត​ចិន​ នៅ​កម្ពុជា អះអាង​ថា កម្លាំង​សមត្ថ​កិច្ច​របស់​ខ្លួន កំពុង​សហការ​ជា​មួយ​កម្ពុជា តាម​វែក​មុខ​ក្រុម​ប្រកាស​បង្ក​អសន្តិ​សុខ​​នៅ​ព្រះសីហនុ (Video Inside)

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញមកប្រកាសថា ខ្លួនកំពុងតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ទៅក្រុមជនជាតិចិនមួយក្រុម ដែលបានប្រកាសតាមវីដេអូឃ្លីបប៉ុនប៉ងបង្កអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។ ស្ថានទូតចិន បានអះអាងទៀតថា ខ្លួនបានជួយសម្របសម្រួលដល់កម្លាំងសមត្ថកិច្ចរបស់ចិន សហការជាមួយ កម្ពុជា តាមស្វែងរកការពិតលើករណីនេះផងដែរ។

ស្ថានទូតចិនបានប្រកាសនៅលើ Facebook នាយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះថា «ស្ថានទូតចិនប្រចាំ កម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដេីម្បីបេីកការស៊េីបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ។ ជឿជាក់ថាការពិតនៃបញ្ហា នេះនឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»

សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ វីដេអូឃ្លីបមួយបង្ហាញពីសកម្មភាពក្រុមជនប្រកាស បង្កអសន្តិសុខនៅក្នុងក្រុងព្រះសីហនុ ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម។ នៅក្នុងវីដេអូក្រុម ជនជាតិចិនមួយក្រុមនេះ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំ ក្រោយពួកគេចង់ឲ្យវឹកវរ គឺវឹកវរ, ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព។

វីដេអូឃ្លីបមួយនេះ នាំឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ និងចែកចាយបន្តយ៉ាងផុលផុស។ ក្រោយ វីដេអូនេះបែកធ្លាយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាឱ្យតាមវែកមុខ ជនជាតិចិនមួយក្រុមនេះភ្លាមៗផងដែរ។

ឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា កម្លាំងនគរបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញដទៃទៀត កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត និងវែករកមុខក្រុមជនជាតិចិនមួយក្រុមនេះ៕

You might also like More from author