ព្រះ​មហា​ក្សត្រ​នៃ​កម្ពុជា បាន​យាង​ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី១

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាក ចេញពីរាជធានីភ្នំពេញហើយ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។

ព្រះរាជដំណើររបស់ព្រះអង្គតបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង, សម្តេចវិជ័យសេនា ទៀ បាញ់ និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្ស យាងអញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះអង្គនៅថ្ងៃព្រឹកច័ន្ទនេះ។

ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី១៦ ខែឧសភា ក្រោយបញ្ចប់វេទិកា។ ក្នុងពេល ព្រះអវត្តមានរបស់ព្រះមហាក្សត្ររាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុង សន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ លោកប្រធានាធិបតី បានលើក ឡើងថា ការបង្កើតឱ្យមានកិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានា ហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិ បត្តិការ។ ជាពិសេសធ្វើឱ្យប្រជាជនអាស៊ីអាចសប្បាយរីករាយនឹងមានស្មារតី កាន់តែរឹងមាំខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឱ្យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់កាន់តែមានថាមពលខ្លាំងឡើង៕

You might also like More from author