សម្តេច​តេជោ ហ៊ុន សែន បំផុស​គំនិត​ឲ្យប្រជា​ពលរដ្ឋ ខិតខំ​ដាំដុះ​បន្លែ និង​ដំណាំ​ផ្សេង​ទៀត ដើម្បី​ប្រយោជន៍​សម្រាប់​គ្រួសារ ដោយ​អនុវត្ត​តាម​ពាក្យ​ចាស់ «រពឹស​ដៃផ្ទៃ​ឆ្អែត»


(ភ្នំពេញ)៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក នៃសកម្មភាពប្រមូលផលដំណាំ ដែលសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាំក្នុងបរិវេណភូមិគ្រឹះរបស់សម្តេច។

ជាមួយនឹងការបង្ហោះនូវរូបភាពហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកយកពាក្យចាស់មួយឃ្លា ដែលបានពោល «រពឹសដៃផ្ទៃឆ្អែត» ដែលចង់បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីអាចដាំដុះបន្លែ ឬដំណាំផ្សេងទៀត គួរកុំទុកឲ្យដីនៅទំនេរ ដើម្បីទទួលបានផលសម្រាប់ទ្រទ្រង់គ្រួសារ។

«សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ពាក្យចាស់ពោលថា “រពឹសដៃផ្ទៃឆ្អែត” ដែលចង់សំដៅ ឲ្យ ខំធ្វើការខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំ ដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។ ដីតូចដាំជី បន្លែ ស្លឹកគ្រៃ។ល។ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំ ដើម្បីកុំឲ្យពិបាកដើររកទិញគេ នូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំ និងភរិយាបង្ហាញនូវការប្រមូលផលដើមរដូវ នូវមុខដំណាំចំ នួន បីមុខ ក្នុងចំណោមដំណាំរាប់សិបមុខ ដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ»

សូមជម្រាបថា រយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន តែងតែដើរហាត់ប្រាណ នៅបរិវេណភូមិគ្រឹះ របស់សម្តេច ហើយថែមទាំងថតរូបផលដំណាំជាច្រើន បង្ហោះក្នុង Facebook ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋ ចេះដាំដំណាំនៅផ្ទះរបស់ខ្លួនផងដែរ៕

(ប្រភព Fresh News)

You might also like More from author