បុកគេស្លាប់ រត់ទៅ​សម្ងំ​នៅផ្ទះ តែ​ត្រូវ​កម្លាំង​តាម​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្ម យ៉ាងតក់ស្លុតមួយបង្កដោយជនសង្ស័យមួយក្រុម បើករថយន្តម៉ាក Highlander ០២គ្រឿង បានបើកបុកជនរងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់០១នាក់ នៅចំណុចស្ពានដែក ផ្លូវចំការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ស្រមោលឈឹង ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ បន្សល់ទុកតែ ជនរងគ្រោះ០២នាក់ (ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់) នៅនឹងកន្លែងបន្ទាប់មកសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ បានបើកការស៊ើបអង្កេតជាបន្ទាន់គ្រប់ៗគ្នា។ ក្នុងនោះផងដែរ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងស្វែងរកអត្តសញ្ញាណ ជនសង្ស័យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល០២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត និងអាស័យដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។

ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុរូបខ្លួន និងមិត្តភក្តិ០៧នាក់ផ្សេងទៀត បាននាំគ្នាផឹកស្រាបៀរអស់០២កេស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង១២៖១០នាទីយប់ ក៏នាំគ្នាទៅច្រៀងខារាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចំការដូងបន្តទៀត។

លុះដល់ម៉ោង០២៖៣០យប់ ពួកគេក៏បានចេញពីច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះ មានបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវ «បាននិយាយថា ពួកហែងស្អីគេ មានឡានប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្លេះ?» ឭដូច្នេះខ្លួនក៏បានចុះពីរថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា «ពួកហែងអស្ចារ្យអី? អាចុយម្រាយ!» ទន្ទឹមគ្នានោះ មិត្តភក្តិរបស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏បានស្ទុះទៅវាយបុរសនោះតែម្តង ហើយសន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯបុរសនោះក៏រត់គេចខ្លួនបាត់។

ក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់ កាន់សុទ្ធតែដាវ និងដែកថ្នាំងអំពៅមកជាមួយផងដែរ ដោយដើរសំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់មិត្តភក្តិខ្លួន ទើបខ្លួនបើករថយន្តបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ហៅបក្ខពួកឡើងរថយន្តគេចខ្លួន ចេញពីកន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុសអុស នៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែង ក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់ខ្លួនដល់ផ្ទះតែម្តងទៅ៕

You might also like More from author