ស្ថានទូត​ចិន ចេញ​សេចក្តី​ប្រកាស​អំពី​លទ្ធផល​ស៊ើប​អង្កេត ទៅ​លើ​ជនជាតិ​ចិន​មួយ​ក្រុម ដែល​ចេញ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ បង្ហាញអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិន សង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត។

ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធអ៉ិនធើណេតនាថ្មីៗនេះ បានបញ្ចេញនូវវីដេអូខ្លីមួយសង្ស័យ ពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសជាង១០នាក់ ដោយហៅខ្លួនឯងថា មកពីទីក្រុង Chongqing ប្រទេសចិនហើយ និយាយក្អេងក្អាងថា នឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។

ស្ថានទូតចិន បានអះអាងថា «ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះ ត្រូវបានថតដោយជនជាតិចិន មកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើច ប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»

ស្ថានទូតចិន បានបញ្ជាក់បន្ថែមថា «ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំង ពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើ កិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ»

សូមជំរាបថា កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រុមសង្គមងងឹតជនជាតិចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជា មិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ហើយវីដេអូនោះទៀតសោត គឺជាឃ្លីបវីដេអូចាស់។

កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩កន្លងទៅមន្រ្តីខាងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញ អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា កម្លាំងសមត្ថកិច្ចរបស់កម្ពុជា និងកម្លាំងសមត្ថកិច្ចរបស់ចិន សហការគ្នា តាមចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលបានបញ្ចេញវីដេអូគំរាម បង្កអសន្តិសុខ នៅខេត្តព្រះសីហនុ ដែលរហូត ដល់ពេលនេះមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ៕

(ប្រភព Fresh News)

You might also like More from author